(ភ្នំពេញ)៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបន្តនាំយកដើមឈើចម្រុះប្រមាណជិត៦០០ដើម ទៅដាំនៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសឲ្យបរិវេណក្នុងវិទ្យាល័យទាំងមូល មានបរិស្ថានស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់សិស្សានុសិស្ស ស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដើមឈើ និងដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា។

លោក ជ្រា ថន នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ តំណាងនាយខណ្ឌ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានលើកឡើងថា ការនាំកូនឈើមកដាំ និងចែកកូនឈើ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នាពេលនេះ បង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើធ្វើឲ្យភ្នំពេញ មានពណ៌បៃតងស្រស់ស្អាត។

បន្ថែមពីលើនេះ លោក ជ្រា ថន បានស្នើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាំគ្នាថែរក្សាដើមឈើឲ្យបានគង់វង្ស ដោយក្រោយការដាំ ត្រូវថែទាំដោយស្រោចទឹក ជាប្រចាំផង និងជួយមើលថា តើដើមឈើរស់ ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាឲ្យបរិយាកាសនៅក្នុងសាលា មានបរិស្ថាន ខ្យល់អាកាសល្អ រក្សាមានភាពបៃតង ស្រស់ស្អាត នៅក្នុងសាលាផងដែរ។

លោកបានបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលព្រៃឈើភ្នំពេញ បាននាំយកកូនឈើ ចំនួន៥៨០ដើម មកដាំនៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ភូមិល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ នាពេលនេះ រួមមាន ឈើបេង ចំនួន៨០ដើម, នាងនួន ចំនួន៨០ដើម, កកោះ ចំនួន ១០០ដើម, ដើមផ្កាសាគូរ៉ា ចំនួន៣០ដើម, ដើមផ្ការំដួល ចំនួន៣០ដើម, ឈើទាល ចំនួន៣០ដើម, ដើមគរគី ចំនួន៣០ដើម, គ្រញូង ចំនួន៣៥ដើម និងឈើធ្នង់ ចំនួន១៦៥ដើម។

នាឱកាសនោះ លោក ខុន សុខា នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ តាមរយៈលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដែលផ្តល់ដើមឈើ និងបានយកមកដាំ នៅក្នុងបរិវេណវិទ្យាល័យនាពេលនេះ ដែលដើមឈើ គឺបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដល់មនុស្ស សត្វ ជាពិសេសសម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគត ដល់កូនចៅជំនាន់ក្រោយ បានស្គាល់ប្រភេទដើមឈើប្រណីតៗរបស់ខ្មែរ៕