(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពីវត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅវត្តរាជបូណ៌ ក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ ថែរក្សា និងអភិរក្សឧទ្យានអង្គរ ដែលជាតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក តាមរយៈការចូលរួមពីវត្តអារាម និងកែប្រែភាពអវិជ្ជមានផ្សេងៗដែលកើតមានតាមទីវត្តអារាម។

សិក្ខាសាលានេះប្រារព្ធក្រោមការនិមន្តចូលរួមរបស់សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនីបណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរៈ និមន្តមកពីវត្តអារាមចំនួន៦១ នៃវត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាលោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងសហការី អាចារ្យ គណៈកម្មការវត្តអារាម សរុបប្រមាណ២០០អង្គ/នាក់។

លុះដល់ពេលរសៀល សិក្ខាសាលាទាំងមូលនឹងធ្វើដំណើរទស្សនកិច្ចរបស់អង្គសន្និបាតទៅកាន់វត្តពោធិ៍ពីរដើម វត្តគោកតាលន់ វត្តអង្គរខាងត្បូង និងវត្តតាព្រហ្មមានជ័យដែរ៕