(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងទទួលអំណោយ ជាវិទ្យុចំនួន ១ពាន់គ្រឿង ពីអង្គការសំឡេងនៃក្តីស្រលាញ់កម្ពុជា។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោក សំ ផលមករា នាយកប្រតិបត្តិអង្គការសំឡេងនៃក្តីស្រលាញ់ លោក អ៉ឹង មល្លីវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងឳកាសនោះលោកស្រីអគ្គលេខាធិការ បានពាំនាំការសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គការសំឡេងនៃក្តីស្រលាញ់កម្ពុជា។
លោកស្រីអគ្គលេខាធិការ បានថ្លែងផងដែរថា ឧបរណ៍ទាំងនេះ នឹងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋ នៅតាមភូមិស្រុក ដើម្បីជាប្រយោជន៍ក្នុងការតាមដានព័ត៌មានផ្សេងៗទាំងនៅកម្ពុជា និងក្រៅស្រុកតាមណ្តាញផ្សព្វផ្សាយ។
ជាពិសេសក្នុងរដូវវស្សានេះ គឺអាចទទួលព័ត៌មាន ពីអាកាសធាតុប្រចាំថ្ងៃ ដើម្បីមានការប្រុងប្រយ័ត្នខ្ពស់បន្ថែម ពីភ្លៀងធ្លាក់ច្រើនលាយឡំ ផ្គរ រន្ទះ ឬខ្យល់កន្រ្តាក់ និងទឹកជំនន់ជាដើម។
ជាការឆ្លើយតប លោក សំ ផលមករា បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឳកាសឲ្យរូបលោក និងក្រុមការងារបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
លើសពីនោះលោកបានថ្លែងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាតាមនុស្សធម៌ ដែលជាថ្នាលមួយឲ្យដំណើរការការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទទួលបានការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន៕