(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកស្រី នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងស្ដ្រីមេម៉ាយចំនួន ១៥០គ្រួសារ មកពី៣ភូមិ និងប្រគេន គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យដល់ព្រះសង្ឃ នៅវត្តឬទ្ធីរតនារាម (ហៅវត្តកែវផុស) ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោក គួច ចំរើន បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយថ្ងៃនេះសាខាបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិបណ្ឌិតផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារផងដែរ។

លោក គួច ចំរើន បានបន្តថា បងប្អូននៅទីនេះភាគច្រើនជាប្រជានេសាទ នៅរដូវវស្សាតែងតែជួបការខ្វះខាតជីវភាពដោយសារមិនបានចេញទៅនេសាទដោយសារកត្តាអាកាសធាតុព្យុះ ភ្លៀង ហើយនៅពេលខ្លះរដ្ឋបាលខេត្ត ធ្វើការជូនដំណឹងស្តីពីការហាមចេញធ្វើនេសាទ ដូច្នេះសូមឱ្យយបងប្អូនចូលរួមទាំងអស់គ្នា ព្រោះរដ្ឋបាលខេត្តព្រួយបារម្មណ៍ក្លាចប្រជានេសាទមានគ្រោះថ្នាក់ផ្សេងៗ ហើយសុំឲ្យប្រជាពលរដ្ឋ កម្មករ បុគ្គលិក មានប័ណ្ណ(ប.ស.ស) ព្រោះវាមានអត្ថប្រយោជន៍មានដូចជា ទទួលបានធានារ៉ាប់រងការងារ សុខភាព ប្រាក់សោធននិវត្ត នេះជាផលអត្ថប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍន៍លើកកម្ពស់គ្រួសារក្រីក្រតាមយុទ្ធសាស្រ្តបញ្ចរកោណ

លោកអះអាងថា «នេះជាសមិទ្ធិផលយ៉ាងធំធេង នាំយកគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ អ្នកស្រុកស្ទឹងហាវ ជួយជំរុញកូនចៅរៀនផ្នែកអគ្គិសនី ព្រោះនៅទីនេះមានរោងចក្រអគ្គិសនី កំពុងដំណើរការ ដោយថាមពលធ្យូងថ្ម ដែលមានបុគ្គលិក កម្មករជាង ២០០០នាក់ ដើម្បីបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋនៅទីនេះ»។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិសាខា បានអំពាវនាវសូមឱ្យបងប្អូនទាំងអស់បង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ សូមបងប្អូនមើលនៅជុំវិញផ្ទះ ចូលរួមកំចាត់ ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត និងសូមប្អូនទាំងអស់កុំភ្លេច ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំមកចែកជូនប្រជាពលរដ្ឋក្រីក្រ ១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលអង្ករ ២៥គីឡូក្រាម៖ មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀលផងដែរ។ ចំណែកគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ក ៥បាវ ស្មើនិង ១២៥គីឡូក្រាម មី ៥កេស ទឹកត្រី ៥យួរ ត្រីខ ៥យួរ ទឹកសុទ្ធ ៥កេស និងបច្ច័យចំនួន ២លានរៀល៕