(កំពង់ស្ពឺ)៖ សាខាពន្ធដាខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកភ្នំស្រួច នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉ែត ចក់ ប្រធានសាខាពន្ធដាខេត្តកំពង់ស្ពឺ និងលោក ហម ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច។

ប្រធានសាខាពន្ធដាខេត្តកំពង់ស្ពឺ បានថ្លែងថា ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋបានស្វែងយល់ការបង់ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាងនេះឱ្យអ្នកជាប់កាតព្វកិច្ច បង់ពន្ធបានដឹងក្នុងពេលទិញ-លក់ នៅតាមក្រុង ស្រុកទូទាំងខេត្តកំពង់ស្ពឺបានជ្រាប។

លោក ប៉ែត ចក់ បានបញ្ជាក់ថា ជាពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋតាមច្បាប់បានកំណត់ ខណៈដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយទឹកដីប្រឈមមុខដាក់គ្នាដោយចុងអាវុធ មកជាខេត្តប្រកបដោយសក្តានុពលជាតំបន់សេដ្ឋកិច្ច មានរោងចក្រ សហគ្រាសធំៗកំពុងធ្វើសកម្មភាពអាជីវកម្ម និងបន្តមកបណ្តាក់ទុនជាបន្តបន្ទាប់។ ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និតថែមទៀតរវាងមន្ត្រីពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សហការគ្នា ឱ្យល្អអ្នកជាប់ពន្ធ ក៏ដូចជាម្ចាស់អចលនទ្រព្យផងដែរ។

លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានលើកឡើងថា សិក្ខាសិលាមានចរិក និងគោលបំណងផ្សព្វផ្សាយស្តីពី ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជូនប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករកំពុងលក់ដីឡូ និងបុរីផ្សេងទាក់ទងការបង់ពន្ធ។

លោកអភិបាលស្រុក លើកឡើងថា លោកមេឃុំគ្រប់ឃុំ សូមយកការផ្សព្វផ្សាយខាងលើនេះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យត្រៀមបង់ពន្ធអចលនទ្រព្យជូនជាតិ ហើយចាត់ទុកការផ្សព្វផ្សាយនេះជាចំណេះដឹង និងលើកកម្ពស់ចំណេះដឹងពង្រឹងវប្បធ៌មបង់ពន្ធស្តីពីពន្ធ ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ដើម្បីជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ៕