(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនជាមួយក្រុមហ៊ុន ALBANS MANAGEMENT SA ស្តីពីការបង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ «ស៊ីឃ្យូរីធី អេវីអសិន កម្ពុជា ឯ.ក» មានឈ្មោះកាត់ថា «សកម្ម-SAKAN» ដើម្បីផ្តល់សេវាសន្តិសុខអាកាសចរណ៍ សម្រាប់អាកាសយានដ្ឋានអន្តរជាតិនៃកម្ពុជា ស្របទៅតាមគោលការណ៍ ឯកភាពរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌច្បាប់នៃកម្ពុជា។

ចំពោះការចុះហត្ថលេខា លើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញភាពជឿជាក់ថា ក្រុមហ៊ុនថ្មីនេះនឹងចូលមកបំពេញបន្ថែម នូវចំណុចខ្វះខាតនានា ព្រមទាំងទាក់ទាញក្រុមហ៊ុនធំៗអន្ដរជាតិផ្សេងៗ ឲ្យហោះហើរចូលមកកាន់ប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Raphael ALBALADEJO នាយកប្រតិបត្តិនៃ ALBANS MANAGEMENT SA នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ថ្ងៃនេះជាឱកាសដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្រដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានចុះកិច្ចសន្យាក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន លើការផ្តល់សេវាសន្តិសុខអាកាសចរណ៍ សម្រាប់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។

លោកបណ្ឌិតបានបន្ដថា ដើម្បីសម្រេចគោលបំណងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នៅក្នុងការអភិវឌ្ឍដោយរស់រវើក
និងលើកកម្ពស់កម្រិតជីវភាព ឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាប្រទេសជឿនលឿនក្នុងតំបន់ ជាមួយស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន ការចូលរួមវិនិយោគពីវិស័យឯកជន ជាគោលដៅអាទិភាព និងជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែក ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់វិស័យអាកាសចរស៊ីវិល។

តាមរយៈនៃការលើកកម្ពស់គុណភាពសេវាសន្តិសុខអាកាសចរណ៍ ឱ្យស្របតាមស្ដង់ដារអន្តរជាតិ និងឆ្លើយតបបានទៅនឹងលក្ខខណ្ឌតម្រូវការ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) និងសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) និងបានចូលរួមចំណែកបង្កើតកាលានុវត្តភាព ឧត្តមភាពប្រជែងឈ្នះ បង្កើនតម្លៃបន្ថែម និងការទទួលបាននូវទំនុកចិត្តបន្ថែមទៀត ពីប្រតិបត្តិករអាកាសចរណ៍ និងពីតួអង្គពាក់
ព័ន្ធផ្សេងៗទៀត។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា «បន្ទាប់ពីចុះកិច្ចសន្យារួចរាល់ក្រុមហ៊ុន ALBANS នឹងទទួលបានសិទ្ធិផ្តាច់មុខ លើការផ្តល់សេវាសន្តិសុខអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ជាអាទិ៍មាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ, និងអាកាសយានដ្ឋានផ្សេងៗទៀត ក្នុងពេលអនាគត ស្របទៅតាមតម្រូវការជាក់ស្តែងក្នុងពេលអនាគត»

លោកបណ្ឌិតបានបន្ថែមថា ចំពោះអត្ថប្រយោជន៍សំខាន់ៗរំពឹងថា នឹងទទួលបានពីការចូលរួមពីភាពជាដៃគូនេះរួមមាន៖

* ពាក់ព័ន្ធដល់ផ្នែកសន្តិសុខ៖ បច្ច័យវិជ្ជមានក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ពាក់ព័ន្ធដល់បញ្ហាសន្តិសុខអាកាសចរណ៍ (សកម្មភាពនៃការជ្រៀតជ្រែកដោយខុសច្បាប់)។

* ពាក់ព័ន្ធដល់ផ្នែកសង្គម៖ បានបង្កើតការងារដោយផ្ទាល់ចំនួន១៤០០កន្លែងប្រកបដោយជំនាញវិជ្ជាជីវៈ និងបង្កើតការងារដោយប្រយោលប្រមាណ ៦០០កន្លែង សម្រាប់ដំណាក់កាលដំបូង។

* ពាក់ព័ន្ធដល់ផ្នែកសេដ្ឋកិច្ច៖ តាមរយៈការអនុលោមតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវការរបស់ ICAO និងIATA កម្ពុជានឹងទទួលបានកាលានុវត្តភាព និងឧត្តមភាពទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ និងបានបង្កើនជើងហោះហើរ សម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ក្នុងនោះក៏នឹងបានបង្កើនសកម្មភាពទេសចរណ៍ ធុរកិច្ច និងភាពជឿជាក់ ស្របតាមបាវចនាទាំង ៥នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧រួមមាន កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព។

* ពាក់ព័ន្ធដល់ផ្នែកហិរញ្ញវត្ថុ៖ គម្រោងនៃភាពជាដៃគូនេះបានអនុវត្ត ដោយមានអនុលោមភាពស្របទៅតាមច្បាប់ស្តីពី «ភ. រ. ជ / PPP» ដែលបានដាក់ឱ្យប្រើក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចសន្យា ភ.រ.ជ នឹងបានបង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមដល់កម្ពុជា។

* ផ្នែកទិដ្ឋភាពទូទៅក្នុងតំបន់៖ ភាពជាដៃគូនេះនឹងបានសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលសត្វឆ្កែ
ជំនាញដ៏លេចធ្លោនៅក្នុងតំបន់អាស៊ាន លើកស្ទួយមោទនភាពជាតិ ការទទួលស្គាល់ (កេរ្តិ៍ឈ្មោះ)ជាសាកលដល់កម្ពុជា ទាក់ទងនឹងសេវាសន្តិសុខអាកាសចរណ៍ឈានកាន់តែខ្ពស់។

លោក ស៉ីន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងបញ្ជាក់ថា ចំពោះកិច្ចសហការជាមួយក្រុមហ៊ុន ALBANS MANAGEMENT SA ជាការមកបំពេញបន្ថែមនូវចំណុចខ្វះខាតចន្លោះប្រហោង របស់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំពោះការបំពេញបន្ថែមនេះនឹងទាញការហោះហើររបស់ក្រុមហ៊ុនអន្ដរជាតិធំៗ។

លោកបានបញ្ជាក់ថា «ក្រុមហ៊ុន ALBANS នឹងចូលមកបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដូច្នេះការបំពេញបន្ថែមនេះ ជាកត្តាសំខាន់ចំពោះការផ្ដល់សេវាសន្ដិសុខ មានកម្រិតស្ដង់ដារខ្ពស់ ដែលអាចបំពេញតម្រូវការរបស់ទេសចរ។ ដូច្នេះបន្ទាប់ពីមានក្រុមហ៊ុន ALBANS នឹងទាក់ទាញ និងជំរុញឲ្យមានក្រុមហ៊ុនធំៗផ្សេងៗទៀត ការហោះហើរចូលមកកាន់ប្រទេសកម្ពុជា»