(តាកែវ)៖ រដ្ឋបាលក្រុងដូនកែវ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ និងច្រានចោលការចុះផ្សាយតាមបណ្តាញសង្គមថា អ្នកវិនិយោគសំណង់ផ្សារណាត់ បានផ្អាកការសាងសង់មួយរយៈសង្ស័យថាក្ស័យធន។ ចំពោះករណីនេះ ជាព័ត៌មានមិនពិត ខណៈដំណើរការសាងសង់ផ្សារណាត់ នៅតែបន្តសាងសង់ជូនអតិថិជនដដែល។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងដូនកែវ បានគូបញ្ជាក់ថា៖ «ការសាងសង់ផ្សារណាត់នៅតែបន្តសាងសង់ដដែល ទោះបីមានការយឺតយ៉ាវបន្តិចក៏ពិតមែនក៏មកដល់ពេលនេះ ដំណើរការសាងសង់ សម្រេចបានប្រមាណ៩០ភាគរយ ហើយនៅតែបញ្ចប់ការធ្វើតូប ការដាក់ទ្វារមូរ ការដាក់ចណ្ដើរយន្ត បង្កាន់ដៃជណ្ដើរ បង្គន់អនាម័យនិងការលាងសម្អាតតែប៉ុណ្ណោះ»

សេចក្តីប្រកាសព័ត៌មាន បានបន្តថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងមកលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានរៀបចំកិច្ចប្រជុំសម្របសម្រួលជាមួយនឹងអ្នកវិនិយោគសំណង់ផ្សារណាត់ ជាលទ្ធផល អ្នកវិនិយោគសន្យាថានឹងបញ្ចប់ការសាងសង់តូប និងការងារសេសសល់ឱ្យហើយរួចរាល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកជាន់ផ្ទាល់ដីវិញបានរៀបចំរួចរាល់ហើយបងប្អូនអាជីវករនិងចូលមកលក់ដូរនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ៕