(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធអគារសិក្សា០១ខ្នង មាន៦បន្ទប់ ដែលមានតម្លៃជាង៥៤,០០០ពាន់ដុល្លារ នៅសាលាបឋមសិក្សាត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគេន និងជូនចំពោះព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ និងកោតសរសើរ ​វាយតម្លៃខ្ពស់ចំពោះអ្នកភ្នំស្រុក ដែលបានផ្តល់នូវជំនឿជាក់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។

លោក កែ គឹមយ៉ាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់នូវការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពក្នុងអត្រាប្រចាំឆ្នាំក្នុងរង្វង់៧% ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព, ការកាត់បន្ថយភាពក្រីក្រឱ្យបានជាអប្បបរមា, ពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់សមត្ថភាព ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា»

លោក កែ គឹមយ៉ាន ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា គណគ្រប់គ្រងសាលា និងអង្គភាពពាក់ព័ន្ធត្រូវផ្តោតលើការបណ្តុះបណ្តាលព័ត៌មានវិទ្យា កុំព្យូទ័រ ភាសាបរទេស ប្រើប្រាស់មន្ទីរពិសោធន៍នៅតាមសាលា ដើម្បីឱ្យសិស្សបានយល់ដឹង ស្របតាមសម័យឌីជីថល បន្តបញ្ចូលគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចកទេស ការប្រើមូលនិធិសមធម៌សុខាភិបាល និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។ លេងកីឡា ពង្រឹងកាយសម្បទា ចាកឱ្យឆ្ងាយពីអំពើអបាយមុខនានាចាកឆ្ងាយដាច់ខាតពីការសេពគ្រឿងស្រវឹងគ្រឿងញៀន ដែលបំផ្លាញដល់សុខភាព និងអនាគតផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បាននាំអំណោយជាសម្ភារៈ ថវិកា ឧបត្ថម្ភដល់៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ក្រុមគ្រូពេទ្យ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ៣៦នាក់ សិស្សានុសិស្ស ២៣៣នាក់ ប្រជាពលរដ្ឋចូលរួមសរុបរួមជាថវិកា ១៥,៩០០,០០០រៀល៕