(ភ្នំពេញ)៖ ក្នុងឱកាសចូលកាន់ដំណែង ជាអគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប្រាំង ជលសា បានប្ដេជ្ញាចិត្ដខិតខំប្រឹងប្រែង រកយុទ្ធសាស្ត្របញ្ចុះថ្លៃអគ្គិសនី តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព្យាយាមគ្រប់វិធីសាស្ត្រ មធ្យោបាយទប់ស្កាត់ ការកើនឡើងថ្លៃអគ្គិសនី ដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
លោក ប្រាំង ជលសា បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តចូលរួម ព្រមទាំងប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះថ្លៃអគ្គិសនី តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ មធ្យោបាយទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនី ដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ដែលបច្ចុប្បន្នប្រទេសផ្សេងៗ រួមទាំងនៅជិតខាង យើងពុំអាចទ្រទ្រង់បាន ហើយបង្កើនថ្លៃអគ្គិសនី ដើម្បីទប់ទល់ការខាតបង់អាជីវកម្ម ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងសង្គ្រាម»។
បន្ថែមពីនោះទៀត លោក ប្រាំង ជលសា ប្ដេជ្ញាបន្តកែទម្រង់សេវាកម្មអគ្គិសនី ឲ្យកាន់តែប្រសើរ ឈានទៅប្រើបច្ចេកវិទ្យាព័ត៌មានទំនើប និងឈានទៅបំបាត់ទាំងស្រុងនូវការរត់ការក្នុងការស្នើសុំភ្ជាប់ផ្គត់ផ្គង់ ដំឡើងកម្លាំង ក៏ដូចជាការទូទាត់វិក្កយបត ឬទំនាក់ទំនងជូនដំណឹងជាដើម និងបន្តពង្រីកវិស័យអគ្គិសនីឲ្យកាន់តែប្រសើរឡើង ក្នុងបរិបទថ្មីនៃបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយទាំងការប្រតិបត្តិបច្ចេកទេស ក៏ដូចជាបែបបទរដ្ឋបាល និងអាជីវកម្ម ជួយបង្កើនប្រសិទ្ធភាពការងារ
អគ្គនាយកអគ្គិសនីកម្ពុជាថ្មី ក៏បន្តប្រពៃណី សាមគ្គីភាពទូលំទូលាយ គោរពរៀមច្បង លើកតម្កើងកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នអគ្គិសនីកម្ពុជា ក៏ដូចជានិយោជិត-កម្មករ តាមរយៈការប្រកាន់ ខ្ជាប់វិន័យត្រឹមត្រូវ និងផ្តល់សេវាកាន់តែល្អប្រសើរ យុត្តិធម៌ តម្លាភាពត្រឹមត្រូវ និងបន្តរក្សាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលលោក កែវ រតនៈ បន្សល់ទុកឲ្យ និងខិតខំពង្រីកស្នាដៃការងារបន្ថែមទៀត ទុកឲ្យអ្នកបន្តវេនជំនាន់ក្រោយៗ ព្រមទាំងបន្តដឹកនាំជាលក្ខណៈសមូហភាព ដោយទទួលខុសត្រូវនូវរាល់ការសម្រេចអនុវត្តការងារ ដើម្បីជោគជ័យរួមរបស់អគ្គិសនីកម្ពុជា។
ក្នុងនាមអគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា លោក ប្រាំង ជលសា សូមប្តេជ្ញាប្រកបដោយសុទិដ្ឋិនិយម ស្មោះត្រង់ជានិច្ច និងតម្កល់ផលប្រយោជន៍ជាតិជាចំបង ក្នុងគ្រប់ភារកិច្ចការងារទាំងអស់ និងមិនយកពេលសូម្បីតែ១វិនាទីណាមួយ មកកេងប្រវ័ញ្ចទ្រព្យសម្បត្តិ ផលប្រយោជន៍ជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ និងហ៊ានលះបង់តួនាទី ភារកិច្ច នៅពេលបាត់បង់សមត្ថភាពការងារ ឬទំនុកចិត្តពីថ្នាក់ដឹកនាំ និយោជិត-កម្មករអគ្គិសនីកម្ពុជា ក្រសួងអាណាព្យាបាល រាជរដ្ឋាភិបាល ក៏ដូចជាមហាជនទូទៅ។
លោក ប្រាំង ជលសា ក៏សូមប្ដេជ្ញាបន្តអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់លោក កែវ រតនៈ ដែលបានដឹកនាំដោយជោគជ័យកន្លងមក ដើម្បីបន្តភាពខ្លាំងរបស់អគ្គិសនីកម្ពុជា តរៀងទៅ និងបន្តពង្រឹងការផ្គត់ផ្គង់អគ្គិសនី ឲ្យបានគ្រប់គ្រាន់ មានស្ថិរភាព គុណភាព និរន្តរភាពជូនប្រជាពលរដ្ឋ ព្រមទាំងបន្តការអភិវឌ្ឍន៍ប្រភពថាមពលប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរមា នូវប្រភពអគ្គិសនីស្អាតកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកប្រភពអគ្គិសនីពីក្រៅ ដោយពង្រីកម្ចាស់ការនៃការផលិតថាមពលដោយខ្លួនឯង និងឈានទៅមានលទ្ធភាពនាំចេញទៅវិញ។
ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំថ្មី ជាពិសេសអគ្គនាយក មើលអគ្គិសនីកម្ពុជា ឃើញជាគ្រួសារ ដែលខិតខំទាំងចាស់ទាំងក្មេង ក្រោមការជួយដល់អគ្គិសនីកម្ពុជា និងបម្រើជាតិមាតុភូមិ ជាពិសេសក្នុងក្របខណ្ឌអង្គភាពផ្ទាល់ ដោយត្រូវផ្ដល់ភាពយុត្ដិធម៌ តម្លាភាពក្នុងការដឹកនាំការការពារតាមគោលការណ៍ និងផ្ដល់ឱកាសការងារ ឲ្យមានការរីកចម្រើន ដោយមានឱកាសស្មើៗគ្នា៕