(ភ្នំពេញ)៖​ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងបង្ហើបឱ្យដឹងថា នាពេលខាងមុខនឹងមានព្រះរាជក្រឹត្យថ្មីមួយ ស្តីពីការតែងតាំងតួនាទីជាទីប្រឹក្សា និងជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងតាមបណ្តាក្រសួងស្ថាប័ននានា ដោយមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជំនួយការ បើចង់យកតួនាទីទីប្រឹក្សាដែលមានឋានៈស្មើ ត្រូវដាក់ចុះការងារក្របខណ្ឌដើម តែបើជ្រើសរើសយកការងារក្របខណ្ឌដើម មិនត្រូវបានផ្តល់ឋានៈស្មើ ទៀតនោះទេ គឺទុកតែតួនាទីជាទីប្រឹក្សា ឬជំនួយការប៉ុណ្ណោះ ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងថា កន្លងទៅការផ្តល់តួនាទីជាទីប្រឹក្សា ឬជំនួយការធ្វើបានល្អហើយ ដើម្បីជាការលើកទឹកចិត្ត ប៉ុន្តែក៏មានបញ្ហាមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការការងារ ដោយសារតែកន្លងមន្ត្រីរាជការខ្លះ មានតួនាទីត្រឹមអភិបាលរងខណ្ឌ តែឋានៈស្មើរដ្ឋមន្ត្រី ឬមន្ត្រីមានតួនាទីត្រឹមអនុការិយាល័យ ប៉ុន្តែមានឋានៈស្មើ អនុរដ្ឋលេខាធិការជាដើម តាមគោលការណ៍ការផ្តល់តួនាទីទីប្រឹក្សា ឬជំនួយការមានឋានៈនេះ មិនឱ្យមានការប៉ះពាល់ការងារក្នុងស្ថានប័ននោះទេ ប៉ុន្តែការអនុវត្តជាក់ស្តែងធ្វើឱ្យប៉ះពាល់អារម្មណ៍ និងការដឹកនាំបញ្ជា។

ចំពោះការសម្រេចនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ណែត បានសុំការយោគយល់ដល់អ្នក ដែលមានតួនាទីជាទីប្រឹក្សា ឬជំនួយការ ដែលរាជរដ្ឋាភិបាលត្រូវតែការវះកាត់ ដើម្បីធានានូវការលើកទឹកចិត្ត ដោយមិនឱ្យប៉ះពាល់ផលប្រយោជន៍រួម។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ធ្វើឡើងក្នុងឱកាស ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ចំពោះមន្ត្រីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ យោធិន ដែលកំពុងនៅក្នុងក្របខណ្ឌ ដែលកន្លងទៅអាចទទួលជាទីប្រឹក្សា ឬជំនួយការឋានៈស្មើនេះ ស្មើនោះ យើងសុំលុប [...] ខ្ញុំសម្រេចយកជម្រើសឈ្នះឈ្នះ មន្ត្រីការតែងតាំងទីប្រឹក្សា និងជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬក្រសួងស្ថាប័ន អាចនៅបន្តធ្វើ ចំពោះមន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែគាត់មានជម្រើសពីរ បើគាត់ចង់បានងារជារដ្ឋលេខាធិការ ឋានៈស្មើ គាត់ត្រូវដាក់ក្រៅក្របខណ្ឌការងាររបស់គាត់ បានន័យថាគាត់លែង ប្រធាននាយករដ្ឋាន ឬតួនាទីក្នុងក្របខណ្ឌទៀតហើយ គាត់ត្រូវឡើងមកធ្វើទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ តែបើគាត់ចង់រក្សាប្រអប់គាត់ សុំឱ្យគាត់យកតែទីប្រឹក្សាបានហើយ ដោយមិនមានឋានៈស្មើ។ អីចឹងនៅតែផ្តល់ឱកាលលើកទឹកចិត្តឱ្យគាត់នៅតែជាទីប្រឹក្សា ប៉ុន្តែសុំអត់មានឋានៈស្មើទៀតទេ»

ឯកឧត្តមបណ្ឌិតបន្ថែមថា ដោយឡែកចំពោះមន្ត្រីនយោបាយ ដែលមានតួនាទីក្នុងស្ថានប័នរួចហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាចទទួលជាទីប្រឹក្សាថ្នាក់ដឹកនាំបន្ថែម ហើយអាចផ្តល់ជូននូវឋានៈស្មើបាន។ សម្រាប់អ្នកនៅក្នុងវិស័យឯកជន ដែលអ្នកខ្លះមានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សា ឬជំនួយការ ក៏មិនអាចមានឋានៈស្មើនោះឡើយ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចំពោះអ្នកដែលទទួលបានការតែងតាំងរួចហើយ គឺទុករយៈពេល៦ខែជូន ដើម្បីឱ្យមន្ត្រីធ្វើការសម្រេចចិត្តផង និងផ្តល់ឱកាសជូនថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ននានា ធ្វើការវាយតម្លៃ និងសម្រេចចិត្តជូនយោបល់ផងដែរ។ សម្រាប់ដែលតែងតាំងថ្មី ត្រូវអនុវត្តន៍តាមព្រះរាជក្រឹត្យ ដែលនឹងត្រូវចេញនៅពេលខាងមុខនេះ៕