(កណ្ដាល)៖ ពីលើវេទិកាជួបសំណេះសំណាល់ជាមួយកម្មករ កម្មការិនី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សម្រាប់ថ្នាក់ដឹកនាំវិស័យឯកជន ដែលមានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ហើយត្រូវបានតែងតាំងជាទីប្រឹក្សា មិនអាចមានឋានៈស្មើនោះឡើយ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បុគ្គលជាសមាជិកក្នុងក្រុមប្រឹក្សា ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួលបានគោរមងារ ឧកញ៉ា។ គាត់នៅតែអាចទទួលបានទីប្រឹក្សានាយករដ្ឋមន្ដ្រី ទីប្រឹក្សាក្រសួងការបរទេស ទីប្រឹក្សាក្រសួងមហាផ្ទៃ ទីប្រឹក្សាទេសរដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ប៉ុន្ដែសុំឲ្យគាត់មិនយកងារជារដ្ឋមន្ដ្រី ឬអ្វីនោះទេ ព្រោះគាត់មានគោរមងារឧកញ៉ាហើយ»

បើតាមប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ដ្រី, គោលការណ៍ស្រដៀងគ្នានេះ សម្ដេចតេជោ ហ៊ុន សែន កន្លងទៅធ្លាប់ចេញគោលការណ៍នេះម្ដងហើយ ពាក់ព័ន្ធឧត្តមសេនីយ៍ នៅក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដោយមិនត្រូវឲ្យមានគោរមងារ ឧកញ៉ា ឬអ្នកឧកញ៉ានោះទេ ពោលមិនត្រូវឲ្យមានដាច់ខាតក្នុងករណីនេះ។ ប៉ុន្ដែបានផ្ដល់ជម្រើសឲ្យបុគ្គលអាចរើសយកគោរមងារ «ឧកញ៉ា» ឬ ឋានន្ដរស័ក្ដិក្នុងស្ថាប័នកងកម្លាំង។

ទាក់ទិនការកំណត់បែបនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជឿថា អាចនឹងប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកដែលមានគោរមងារ ឧកញ៉ា ហើយត្រូវបានតែងតាំងជាទីប្រឹក្សា ដោយមិនតម្រូវឲ្យមានឋានៈស្មើ ដើម្បីធានាឲ្យមានសុកតភាព ហើយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សុំទោសជាមួយចំពោះការសម្រេចចិត្តលើការងារនេះ ព្រោះដើម្បីឲ្យស្មើភាពគ្នាជាមួយមន្ដ្រីរាជការសាធារណៈ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើទោះកំណត់មិនឲ្យមានឋានៈស្មើក៏ពិតមែន ប៉ុន្ដែការតែងតាំងទីប្រឹក្សា នៅតាមស្ថាប័នណាមួយនោះ គឺបន្ដផ្ដល់ជូនដដែលដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដែលបានចូលរួមចំណែកបម្រើជាតិ និងប្រជាជន ហើយក៏ជាការផ្ដល់កិត្តិយសផងដែរ។

បន្ថែមពីនេះ អ្នកដែលប្រកបរបរវិជ្ជាជីវៈសេរីផ្សេងទៀត ដូចជា វិស្វករ និងមេធាវីជាដើមនោះ ក៏ត្រូវបានកំណត់បែបនេះដូចគ្នា។ ចំណុចនេះក៏ផ្ដល់ជូននូវលក្ខខណ្ឌដូចគ្នា ប្រសិនបើអ្នកវិជ្ជាជីវៈសេរីប្រកបអាជីវកម្ម ឧទាហរណ៍ថា បើមេធាវី នៅបន្ដទទួលការពារក្ដី គឺសុំមិនឲ្យមានការតែងតាំងទីប្រឹក្សា ហើយមានឋានៈស្មើនោះទេ តែបើអ្នកមិនប្រកបវិជ្ជាជីវៈទេនោះ គឺអាចផ្ដល់ឋានៈស្មើបាន។

មិនខុសគ្នានោះទេ សម្រាប់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏ត្រូវកំណត់បែបនេះដូចគ្នា ក្នុងករណីទទួលបានការតែងតាំងជាទីប្រឹក្សាហើយនោះ មិនអាចផ្ដល់ឋានៈស្មើបានឡើយ។ លើកលែងតែមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

គួរជម្រាបថា ការចេញមកបញ្ជាក់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅពេលនេះ គឺធ្វើឡើងដើម្បីបញ្ចប់ភាពស្ទួនគ្នាក្នុងមុខតំណែង និងតួនាទី ហើយដើម្បីងាយស្រួលក្នុងការដឹកនាំបញ្ជានៅក្នុងស្ថាប័នសាធារណៈណាមួយនោះ៕