(កណ្ដាល)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់សមាជិករាជរដ្ឋាភិបាលទាំងអស់ ពិសេសរដ្ឋមន្ដ្រីតាមបណ្ដាក្រសួង ឬថ្នាក់ដឹកនាំបណ្ដាស្ថាប័នសាធារណៈ ក្នុងករណីមានការងារចាំបាច់ ឬប្រជុំនៅតាមស្ថាប័នរបស់ខ្លួន មិនចាំបាច់លើកពេលធ្វើការងាររបស់ខ្លួន ដោយមិនអមដំណើរលោកចុះតាមវេទិកាសាធារណៈនានានោះទេ។

ក្នុងជំនួបជាមួយកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ឯកឧត្តម មិនហាមឃាត់សមាជិករាជរដ្ឋាភិបាល ឬរដមន្ដ្រី ប្រធានស្ថាប័នអមដំណើរនោះទេ ប៉ុន្ដែត្រូវផ្ដល់អាទិភាពខ្ពស់លើការងារនៅតាមស្ថាប័នរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអរគុណសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួម ប៉ុន្ដែសូមមិនចាំបាច់ទេ ការងារអាទិភាពគឺនៅក្រសួង ស្ថាប័ន ដើម្បីបម្រើកិច្ចការងារធ្វើយ៉ាងណាកុំឲ្យស្ទះការងារ។ ប្រសិនជាមិនជាប់ភារកិច្ចក៏អាចចូលរួម ប៉ុន្ដែបើមានកិច្ចប្រជុំ ឬការងារដឹកនាំអី គឺសុំកុំលើកពេល។ រដ្ឋមន្ដ្រីតាមក្រសួង មកទល់ម៉ោងនេះគួរប្រជុំខ្លះផង»

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញថា តាមព័ត៌មានខ្លះដែលលោកបានទទួលកន្លងមក មកទល់ពេលនេះ ក្រសួងខ្លះមិនទាន់បានប្រជុំ ឬមិនទាន់បានជួបសំណេះសំណាលជាមួយរដ្ឋមន្ដ្រីថ្មី ដែលទើបចូលកាន់តំណែងនោះទេ ដូច្នេះហើយរដ្ឋមន្ដ្រីក្រសួង ថ្នាក់ដឹកនាំនៅតាមបណ្ដាស្ថាប័នផ្សេងៗ ពិសេសអ្នកទើបចូលដឹកនាំថ្មី ត្រូវជួបប្រជុំជាមួយមន្ដ្រីរបស់ខ្លួន ដើម្បីបង្កើននូវភាពស្និតស្នាល និងស្គាល់គ្នាឲ្យកាន់តែច្បាស់ ដើម្បីអាចយកធាតុចូលរបស់មន្ដ្រី សំដៅដឹកនាំក្រសួង ស្ថាប័ន បំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានណែនាំឲ្យរៀបចំវេទិកាសាធាណៈនៅតាមបណ្ដាក្រសួង ឬស្ថាប័នផងដែរ ដើម្បីស្វែងយកធាតុផ្សំពីមន្ដ្រី ឬដើម្បីទទួលបាននូវសំណើ សំណួរ និងសំណូមពរ។ លោកបានចាត់ទុកថា ប្រធានស្ថាប័នគឺជា «មជ្ឈមណ្ឌលនៃការឯកភាពផ្ទៃក្នុង» បើប្រធានស្ថាប័នមិនឈរជាមជ្ឈមណ្ឌល នៃការឯកភាពផ្ទៃក្នុង គឺស្ថាប័ននោះមិនអាចរីកចម្រើនបានឡើយ ពោលត្រូវផ្ដល់ការយកចិត្តទុកដាក់ បន្ស៉ីគ្នាគ្រប់មន្ដ្រីទាំងអស់ ចាត់តាំងតែងតាមជំនាញ ផ្ដល់លទ្ធភាពតាមឋាននុក្រម៕