(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចំណាយសម្រាប់ជួយប្រជាពលរដ្ឋ អត់មានច្រើននោះទេ ហើយការចំណាយអីឱ្យតែដល់ដៃប្រជាពលរដ្ឋ គឺយើងមិនគិតច្រើននោះទេ ឱ្យតែចាំបាច់ដល់ដៃប្រជាពលរដ្ឋត្រូវតែបញ្ចេញ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាឱកាសដែលឯកឧត្តម បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះថា «ការចំណាយសម្រាប់ជួយប្រជាពលរដ្ឋអត់មានច្រើននោះទេ ចំណាយអីឱ្យតែដល់ដៃប្រជាពលរដ្ឋ អត់គិតច្រើនទេ ឱ្យតែចាំបាច់ដល់ដៃប្រជាពលរដ្ឋត្រូវតែបញ្ចេញ ដែលនេះគឺជាគោលនយោបាយដែលបានអនុវត្តកន្លងទៅរបស់សម្តេចតេជោ ហើយគោលនយោបាយដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលថ្មីនឹងនៅបន្ត»

ឆ្លៀតក្នុងឱកាសដែលពិធីភ្ជុំបិណ្ឌ នឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ជារឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តឱ្យបានរួចរាល់ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី ទៅស្រុកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយពេលទៅលេងស្រុកកំណើត ដោយមិនចាំបាច់ចំណាយថវិកា ក្នុងការធ្វើដំណើរ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងដែលរដ្ឋធានាជួយជូនប្រជាពលរដ្ឋ ទៅស្រុកម្តងៗក្នុងមួយឆ្នាំ រដ្ឋត្រូវចំណាយថវិកាអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ។

នាឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បានរំលឹកដែរថា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបប្រទះនឹងជំងឺកូវីដ១៩ ថវិការបស់រាជរដ្ឋាភិបាលដែលបានសន្សំបានមួយចំនួន ត្រៀមសម្រាប់ធ្វើការវិនិយោគលើផ្នែកផ្សេងៗ សម្តេចតេជោ ក៏បានបញ្ជារឱ្យផ្អាក ដោយផ្អាកទាំងការធ្វើសាលារៀន ផ្អាកធ្វើផ្លូវ និងការងារផ្សេងៗទៀត ដោយយកថវិកាទាំងនោះដើម្បីជួយការពារជីវិតប្រជាពលរដ្ឋ ដោយមិនមានការសោកស្តាយ ដែលនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងដែរថា ជីវិតប្រជាជនធំណាស់ ជីវិតគឺជាទឹកដី នឹងដង្ហើមនៃប្រទេសជាតិរបស់យើង ហើយបើមានទឹកដី អត់មានប្រជាជន ក៏មិនកើត មានប្រជាជន អត់មានទឹកដីក៏មិនកើត មានសេដ្ឋកិច្ចបើគ្មានប្រជាជនជាបង្គោល យើងទៅមិនរួចនឹងមិនខ្លាំងនោះទេ ចឹងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ គឺសំខាន់ណាស់៕