(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំបើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញខុសលក្ខណៈបច្ចេកទេស ធ្វើឲ្យប៉ះពាល់ឬបង្ករឱ្យមានគ្រោះថ្នាក់តាមដងផ្លូវសាធារណៈពីបណ្តាក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ជុំវិញខេត្ត-ស្រុក និងក្រុមហ៊ុនអាជីវកម្ម ២៥ក្រុមហ៊ុន។
ពាក់ព័ន្ធទៅនឹងការងារខាងលើនេះលោក គង់ គឹមនី បានលើកឡើងថា ដោយឃើញថា មានការបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព សុខសុវត្ថិភាព នៅតាមដងផ្លូវសាធារណៈ និងអ្នកធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ពីភាពចន្លោះធ្វេសប្រហេសនៃការគ្រប់គ្រងលើបច្ចេកទេស របស់ម្ចាស់ក្រុមហ៊ុនអាជីវកម្មរកស៊ីទទួលទានដឹកជញ្ជូនថ្មអារ (ថ្មម៉ាត) និងអ្នកស៊ីឈ្នួលទទួលដឹកជញ្ជូន មួយចំនួននាពេលកន្លងមក និងពេលថ្មីៗនេះ។
ជាក្តីបារម្មណ៍អំពីករណីដែលអាចនឹងកើតមានឡើងបង្ករគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តក្រចេះ ក៏ជាក្រុមការងារត្រួតពិនិត្យលក្ខណៈយានយន្តខេត្ត បានស្នើសុំឲ្យ ក្រុមហ៊ុនថ្មអារទាំង២៥ ម្ចាស់ក្រុមហ៊ុនអាជីវកម្មដឹកជញ្ជូន និងអ្នកបើកបរយានយន្តដូចជា៖
* ត្រូវគោរព និងអនុវត្តតាមច្បាប់ក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ជៀសវាងការផ្ទុកទំនិញសំពីងសំពោង ដឹកថ្មម៉ាបជ្រុះនៅតាមដងផ្លូវបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងធ្វើឲ្យខូចសោភ័ណ្ឌភាពសាធារណៈ
* មុនពេលរថយន្តដឹកថ្មចេញពីការដ្ឋានត្រូវត្រួតពិនិត្យទៅលើការចងរឹតខ្សែកាប ឬច្រវាក់ឱ្យបានតឹង
* រថយន្តត្រូវមានជញ្ជាំងទ្រុងការពារជួយទប់
* ត្រូវមានសរសេរលេខឡានបន្ថែម នៅលើថ្មដែលកំពុងដឹក ដើម្បីការពារករណីជ្រុះ ឬករណីបង្ករផ្សេង ដើម្បីងាយស្រួលស្វែងរកអន្តរាគមន៍
*ធ្វើការណែនាំអ្នកបើកបរ មិនត្រូវបើកបរក្នុងល្បឿលឿនហួសកំណត់ និងសេពគ្រឿងស្រវឹងនោះទេ
* ត្រូវធ្វើតេស្តគ្រឿងញៀនចំពោះអ្នកបើកបរ និងសូមកុំគេចវេសពីស្ថានីយ៍ជញ្ជីង។
លោកអភិបាលរង បន្តទៀតថា ចំពោះមន្ទីរអង្គភាពអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត ត្រូវចុះត្រួតពិនិត្យជាប្រចាំ ក្នុងករណីឃើញថាមានថ្មធ្លាក់ ឬប្រព្រឹត្តល្មើសផ្សេងទៀត។ ត្រូវចាត់វិធានការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនទាំងអស់ដែលមិនអនុវត្តតាមការណែនាំ។ ត្រូវរៀបចំទីតាំងដើម្បីចុះត្រួតពិនិត្យ និងឃាត់យានយន្តខុសបច្ចេកទេស។ រៀបចំមធ្យោបាយ សម្ភារ: និងឯសារបម្រើឲ្យការងារត្រួតពិនិត្យ ក្នុងករណីពិនិត្យឃើញថារថយន្តទាំងនោះខុសលក្ខណ:បច្ចេកទេស មិនអនុវត្តតាមការណែនាំ៕