(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ លោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានា ដែលត្រូវបានលើកយកមកពិភាក្សា។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា៖ ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នាចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕