(ភ្នំពេញ)៖ បុគ្គលិក និងអ្នកគាំទ្ររបស់រោងភាពយន្តណ «Legend» ប្រមាណជាង៣០នាក់ បានចូលរួមសកម្មភាពផ្តល់ឈាម និងនាំយកថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ពាទី២ ដែលមានទីតាំងក្បែរព្រះបរមរាជវាំង ក្រោមកិច្ចស្វាគមន៍ពីលោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ តំណាងឲ្យលោកវេជ្ជបណ្ឌិត Beat Richer នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ។
ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ និងតំណាងឲ្យគណៈប្រតិភូនាំយកអំណោយសប្បុរសធម៌ និងចូលរួមផ្តល់ឈាមជូនដល់មន្ទីរពេទ្យគន្ធបុប្ពាទី២ លោក ធារ៉ា បានថ្លែងប្រាប់ឲ្យដឹងថា នេះជាលើកដំបូង ដែលរោងភាពយន្ត «លេជេន» នាំយកអំណោយសប្បុរសធម៌ និងផ្តល់ឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា។ ចំពោះថវិកាលើនេះបុគ្គិល រោងភាពយន្ត «លេជេន» បានធ្វើការរៃអង្គាស និងទទួលពីអតិថិជន ក៏ដូចជាអ្នកគាំទ្របានទឹកប្រាក់ចំនួន២៦០០ដុល្លារជាង ហើយលេជេនបានឧបត្ថម្ភបង្គ្រប់ ៥ពាន់ដុល្លារ ឬស្មើនឹង២០លានរៀល ដើម្បីការងារសប្បុរសធម៌នេះ ។ ក្នុងឱកាសនេះ ក៏មានអ្នកចូលរួមជាបុគ្គលិក ក៏ដូចជាអ្នកគាំទ្ររោងភាពយន្ត «លេជេន» បានចូលរួមផ្តល់ឈាមចំនួន១៨នាក់។
លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ តំណាងឲ្យលោកវេជ្ជបណ្ឌិត Beat Richer បានថ្លែងអំណរគុណដល់បុគ្គលិករបស់រោងភាពយន្ត «លេជេន»ក៏ដូចជាសប្បុរសជនថា «ការផ្តល់ជំនួយជាឈាមក្តី ជាប្រាក់ក្តី ជាគម្រូដ៏ល្អដល់បងប្អូនខ្មែរទាំងមូល»។
តាមរយៈការផ្សព្វផ្សាយ តាមទំព័ររបស់ «លេជេន»បានរៀបរាប់ចំពោះអត្ថប្រយោជន៍ នៃការផ្តល់ឈាមថា «ការផ្តល់ឈាមគឺល្អ ហើយសំខាន់មែនទែនសម្រាប់ប្រជាជននឹងសង្គម ព្រោះអីរាល់ថ្ងៃ និងរាល់ឆ្នាំមានមនុស្សស្លាប់ ដោយសារការខ្វះឈាមច្រើន» ។
លោក សាស្ត្រាចារ្យ ប៊ុន ម៉េង ដែលបានបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផាជាង២០ឆ្នាំបានថ្លែងប្រាប់ថា ក្នុងរយៈពេលជាងបួនប្រាំឆ្នាំនេះ ប្រជាជនខ្មែរបានជួយទំនុកបម្រុងដល់មន្ទីរពេទ្យគន្ធបុប្ផាយ៉ាងសស្រាក់សស្រាំ។ រីឯការផ្តល់ឈាមសម្រាប់មន្ទីរពេទ្យ គឺត្រូវការជារៀងរហូត ព្រោះក្មេងដែលមកទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធរបុប្ផាទី២នេះ សុទ្ធតែត្រូវការឈាម។ អ្នកផ្តល់ឈាមភាគច្រើន ជាបងប្អូនរបស់អ្នកជំងឺ និងមួយផ្នែកទៀតជាការបរិច្ចាគពីសប្បុរសជន។ លោកបានអំពាវនាវ ឲ្យមានការចូលរួមផ្តល់ឈាមឲ្យកាន់តែច្រើន ព្រោះវាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះជីវិតកុមាររងគ្រោះ៕