(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌច្បារអំពៅ និងនគរបាលប៉ុស្តិ៍ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានតាមស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យ ០២នាក់រួមមាន៖
ទី១៖ ឈ្មោះ ពុទ្ធ ធារ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ មុខរបរមិនពិតប្រាកដ
ទី២៖ ឈ្មោះ ស៊ុន ស៊ីម៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនសង្ស័យទាំង២នាក់នេះ ក៏ជាប់ពាក់ព័ន្ធឆក់ជាក់ស្តែងនៅស្រុកកៀនស្វាយ ១ករណីផងដែរ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាលួច (ម៉ូតូ) នៅមុខផ្ទះគ្មានលេខ ផ្លូវ ១១០ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង១៥និង៣០នាទី។
ដកហូតវត្ថុតាងមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១CL-១៣៤៧ (និងផ្លាកលេខក្លែងក្លាយ ភ្នំពេញ ១P-០៥៤៩) ម៉ូតូជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីចាត់ការបន្ត៕