(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួប​ជជែក​​ការងារជាមួយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន២៩រូប ដែលត្រូវបានព្រះមហាក្សត្រ​ត្រាស់​​បង្គាប់តែងតាំងនៅក្នុងនីតិកាលថ្មីនេះ។

នៅក្នុងជំនួបសំណេះសំណាលនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នាវិមានសន្តិភាព ឯកឧត្តម​​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំកិច្ចការមួយចំនួន ដល់មន្ត្រី​ជា​ប្រតិ​ភូអមទាំងអស់ និងបានសម្តែងកិច្ចសង្ឃឹមថា រដ្ឋមន្ត្រីប្រតិភូអមទាំងអស់ ប្រឹងប្រែងរួមកាយចិត្តគ្នា ដើម្បីសម្រេចកិច្ចការរួមជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងបុគ្គលសំខាន់ៗចំនួន២៩រូប ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចាត់ចែងតួនាទីភារកិច្ចជូនដល់រដ្ឋមន្ត្រីប្រតិភូអមទាំង២៩រូប ទៅចំណេះជំនាញរៀងៗខ្លួន ដើម្បីជួយកិច្ចការរបស់ឯកឧត្តមផងដែរ៕