(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី ស ម៉ាលីដា សោមពិសិដ្ឋ ព្រមទាំង អស់លោក-លោកស្រី ជាតំណាងសាលាដំបូងខេត្ត​ ក្រុមប្រឹក្សា​ខេត្ត អភិបាល​រងខេត្ត​ អភិបាលក្រុង ស្រុក កងកម្លំាង​ទាំង៣​ ប្រធានមន្ទីរអង្គភាព ក្រុមយុវជន និងប្រជាពលរដ្ឋ ប្រមាណ៣៨៧នាក់ បានចូលរួមប្រសិទ្ធិ ពលិការ និងសម្ពោធជាផ្លូវការរូបសំណាក «ព្រះគណេស» សម្រាប់ទុកជាទីគោរពសក្ការៈបូជាថ្មីមួយទៀត សម្រាប់ខេត្តកែប ពិសេសសម្រាប់ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិ គោរពបូជា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន។

ពិធីសម្ពោធបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្បែរឆ្នេរកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

នាឱកាសនោះ លោក សោម ពិសិដ្ឋ បានគូសរម្លឹកថា ព្រះគណេសជាបុត្រាទី២ ព្រះឥសូរ និងត្រូវជាប្អូនព្រះស្កន្ទ។ ព្រះអង្គជាទេពតំណាងឲ្យចំណេះដឹង និងបញ្ជៀសបានឧបសគ្គផ្សេងៗ។

តាមទំនៀម គេនិយមតម្កល់ព្រះអង្គពីមុខច្រកចូលផ្ទះ អគារ ឬប្រាសាទដើម្បីគោរពបូជា ត្បិតព្រះអង្គជាទេពកំចាត់រាល់ឧបសគ្គ និងគ្រោះចង្រៃទាំងឡាយ ហើយការដាក់ដំកល់រូបសំណាកព្រះអង្គនៅទីតាំងនេះ ក្នុងបំណងបួងសួងសុំសេចក្តីសុខសប្បាយ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ ជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តកែប។

លោកអភិបាលខេត្ត ថ្លែងថា «រូបសំណាកនេះ បានកសាងឡើងដោយមានការចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងពី អ្នកឧញ៉ា យូ សាន្ត ការចូលរួមចំណែកបន្សល់ទុកនូវស្នាដៃពីវិស័យឯកជន ដែលមកប្រកបអាជីវកម្មនៅខេត្តកែប គឺជាការរួមគ្នា ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូលកាន់តែរីកចម្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធវិស័យផ្សេងៗទៀតផងដែរ»

តាមអ្នកឧកញ៉ា យូ សាន្ត ម្ចាស់ផ្ទះសំណាក់ «ផ្ទះឆ្នេរ» នៅក្រុងកែប បានបញ្ជាក់ថា រូបសំណាកព្រះគណេសនេះ បានចំណាយទឹកប្រាក់ក្នុងការកសាងប្រមាណជាង៦ម៉ឺនដុល្លារ ដោយរូបសំណាកនេះ ធ្វើពីថ្មភក់ មានកម្ពស់ជិត ២ម៉ែត្រ ក្នុងនោះមានការសាងសង់នូវបរិវេណសួនច្បារដ៏ប្រណិតផងដែរ។

លោកបន្តថា ការកសាងរូបសំណាកនៅទីនេះ ក្នុងបំណងចូលរួមជាមួយរដ្ឋបាលខេត្តកែប ក្នុងការលើកកម្ពស់ ការកែលំអសោភណ្ឌភាពសាធារណៈនៅខេត្តកែប ជាពិសេសក្រុងកែបឲ្យមានភាពស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ ហើយក៏ជាការបន្សស់ទុកកេរ្តិ៍មរតកសម្រាប់ខេត្តកែបផងដែរ ក្នុងនាមលោកជាអ្នកប្រកបអាជីវកម្មនៅទីនេះ។ អ្នកឧកញ៉ា បានរំលេចថា រូបសំណាកព្រះគណេសអង្គនេះ យ៉ាងហោច ក៏អាចនៅស្ថិតស្ថេរគង់វង្សមិនក្រោម ១០០ឆ្នាំនោះទេ៕