(កំពង់ស្ពឺ)៖ ទណ្ឌិតចំនួន២៦នាក់ ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើសុំលើកលែង និងបន្ធូរបន្ថយទោសនៅក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមប្រសាសន៍របស់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានឱ្យដឹងថា នៅក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រដ្ឋបាលខេត្ត បានស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១២នាក់ (ស្រី្តគ្មាន) ក្នុងឱកាសបុណ្យអ៊ុំទូក សំពះព្រះខែ អកអំបុកនិង បណ្តែតប្រទីប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នើសុំចំនួន៩នាក់ (ស្ត្រី៣នាក់) និងក្នុងឱកាសប្រារព្ធទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៤ ចំនួន៥នាក់ (ស្ត្រីគ្មាន)។

លោកអភិបាលខេត្តបញ្ជាក់ថា ចំពោះទណ្ឌិតទាំង២៦នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី៣ខែឡើង និងមានម្នាក់ត្រូវបានសុំលើកលែងឱ្យរួចការអនុវត្តទោសតែម្តង។

អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងទៀតថា ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។

ទន្ទឹមនិងការស្នើសុំ គឺយោងទៅលើលក្ខណៈសម្បត្តិរបស់ទណ្ឌិតក្នុងពេលកំពុងអនុវត្តទោស ក្នុងនោះទណ្ឌិតអនុវត្តបានទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ មានការភ្ញាក់រលឹក កែប្រែនូវកំហុស អាកប្បកិរិយា ខិតខំប្រឹងប្រែង ធ្វើការ រៀនសូត្រ អត់ធ្មត់ និយាយជារួមគឺមានប្រក្រតីភាពឡើងវិញ។ មួយវិញទៀត ដើម្បីធ្វើសមាហរណកម្មទណ្ឌិត បញ្ចូលទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិវិញតាមរយៈផ្នែកមនុស្សធម៌ ពិសេសបង្ហាញនូវការយកចិត្តទុកដាក់ គិតគូ និងលើកទឹកចិត្តដល់ទណ្ឌិតដែលអនុវត្តបានល្អក្នុងរង្វង់អនុវត្តទោសគ្រប់លក្ខខណ្ឌ។

ជាមួយនិងលក្ខខណ្ឌបន្ធូរបន្ថយទោសលើទណ្ឌិតនេះដែរ គឺមានទណ្ឌិតចំនួន២៥នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី ៣ខែដល់ ៦ខែ និងទណ្ឌិតម្នាក់ត្រូវបានស្នើសុំលើកលែងឱ្យរួចទោសតែម្តង៕