(សេអ៊ូល)៖ អន្តរជាតិបានរំពឹងថា ការដាក់ទណ្ឌកម្ម ដែលនាំឲ្យកូរ៉េខាងជើងទទួលរងសម្ពាធផ្នែកសេដ្ឋកិច្ចនោះ នឹងអាចបង្ខំឲ្យរដ្ឋាភិបាលព្យុងយ៉ាង ងាកមកគោរពច្បាប់អន្តរជាតិឡើងវិញ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ ដោយកូរ៉េខាងជើងនៅតែអាចរក្សាបាននូវស្ថិរភាពទីផ្សារយ៉ាងប្រសើរបំផុត ដែលខុសពីរបបដឹកនាំរបស់ឪពុក លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦។
ក្រុមអ្នកជំនាញ ដែលទទួលបានរបាយការណ៍ដ៏កម្រពីកូរ៉េខាងជើង បានលើកឡើងថា តម្លៃទំនិញក្នុងទីផ្សារ និងរូបិយវត្ថុហាក់មានស្ថិរភាពខ្លាំងព្រមៗគ្នា ដែលវាផ្ទុយទៅនឹងជំនាន់របស់មេដឹកនាំ គីម ជុងអ៊ីល ដែលត្រូវជាបិតារបស់ លោក គីម ជុងអ៊ុន ដែលកាលណោះលោកបានបរាជ័យក្នុងការរក្សាលំនឹងទីផ្សារដែលចាំបាច់សម្រាប់សេដ្ឋកិច្ចជាតិ។ អ្នកជំនាញបានបង្កត់ធ្ងន់ទៀតថា វាជាការពិតណាស់ដែលរបបដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន បានរៀនសូត្រចេះដឹងយ៉ាងច្រើនទៅហើយ ពីរបៀបគ្រប់គ្រងទីផ្សាររបស់ខ្លួន។
ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នៅតែកំពុងអនុវត្តន៍សេដ្ឋកិច្ចផែនការ តាមបែបសហភាពសូវៀត ហើយបន្ថែមពីនេះទៀត ទីក្រុងព្យុងយ៉ាងក៏កំពុងរីកចំរើនទីផ្សារតាមរយៈប្រព័ន្ធពាក់កណ្តាលឯកជន ដែលបុគ្គលមួយចំនួន អាចទិញ និងលក់ដុំជាលក្ខណៈឯកជនឬអាចផលិតនិងនាំចូលទំនិញដោយខ្លួនឯងបាន។ ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចមក គេមិនឃើញមានការបង្ក្រាបលើឈ្មួញកណ្តាល ដែលកូរ៉េហៅថា «jangmadang» នោះទេ។ នេះបើតាមសម្តីរបស់លោក Kang Mi-jin ជាជនអន្តោប្រវេសន៍មកពីកូរ៉េខាងជើង។
លោក Kang ដែលបច្ចុប្បន្នកំពុងរស់នៅកូរ៉េខាងត្បូង និងជាអ្នកតាមដានសកម្មភាពកូរ៉េខាងជើងដោយសម្ងាត់បាន លើកឡើងដូច្នេះថា «លោក គីម ជុងអ៊ុន បានធ្វើរឿងអាក្រក់ជាច្រើន ប៉ុន្តែលោកនៅតែរក្សាទីផ្សារឲ្យបើកទូលាយ ដែលវាបានផ្តល់ផលវិជ្ជមានខ្លាំងសម្រាប់ប្រជាជន។ លោកគ្មានជំរើសនោះទេ។ លោកមិនអាចចិញ្ចឹមប្រជាជនខ្លួនឯងបាន ហើយក៏គ្មានលទ្ធភាពបិទទីផ្សារទាំងស្រុងនោះដែរ»។ តាមការតាមដានរបស់លោក Kang តម្លៃប្រេង, ពោត, អង្ករ, និង សាច់ជ្រូក ជាដើម នៅតែរក្សាលំនឹងយ៉ាងល្អក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះនៅកូរ៉េខាងជើង៕