(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំលើកទី២៦ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២៥ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។
ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល៖ មានមន្ត្រីចំនួន ៣៦១នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ២៣៤ នាក់ និងមន្ត្រី ១២៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។
សម្រាប់ការងារពាក្យប្តឹង អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្តឹងដែលមានក្នុងខែសីហានេះចំនួន ១៩ពាក្យប្តឹង។ ការងារអប់រំ អ.ប.ព. បានផ្តល់បឋកថាច្បាប់ស្ដីពីការប្រឆាំង អំពើពុករលួយ ជូនដល់បុគ្គលិកអង្គការសិល្បៈខ្មែរអមតៈ ចំនួន ១៧ រូប។
ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ៖ អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២០នាក់ ក្នុងចំណោមបេក្ខជន ដាក់ពាក្យ ប្រឡងចំនួន ៨៩១នាក់។ អ.ប.ព. បានចាត់តាំងមន្ត្រីចំនួន ៥៥រូប ចូលរួមសង្កតការណ៍នៅតាមបន្ទប់ប្រឡងទាំង ៣៦បន្ទប់ ហើយពិនិត្យឃើញថា ការប្រឡងបានដំណើរការដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ក្រៅពីនេះ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារ ណៈចំនួន ១០១គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៤១ អង្គភាព។
ការងារបណ្តុះបណ្តាល៖ អ.ប.ព. បានទទួលការបណ្តុះបណ្តាលពីបណ្ឌិតសភាប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ចំនួន ០២វគ្គ រួមមាន៖ ទី១៖ ការគ្រប់គ្រងយុទ្ធសាស្ត្រ សម្រាប់កម្មវិធីប្រឆាំងអំពើពុករលួយ ឆ្នាំ២០២៣ និងទី២៖ វិធីសាស្ត្រស៊ើបអង្កេត និងការកាត់ទោសតាមករណីស៊ើបអង្កេតដោយផ្អែកលើ ព័ត៌មានចារកម្ម។ លោក យន់ ស៊ីណាត អនុប្រធាន អ.ប.ព. បានដឹកនាំក្រុមការងារ អ.ប.ព. ចូលរួមប្រជុំពង្រឹងសុចរិតភាពក្នុងវិស័យឯកជនតាមការរៀបចំរបស់សភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា។
ការងារតំបន់៖ អ.ប.ព. បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំង អំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) លើកទី១៩ កាលពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាង នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានទាំង១០។ អ.ប.ព.បានត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូ នៃគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ខេត្តហ៊ឺណាន និងគណៈកម្មការត្រួតពិនិត្យ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់១២ ខែកញ្ញា ឆ្នាំ២០២៣។
អ.ប.ព. បានទទួលសំណើពីស្ថាប័នប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី KPK ដែលសុំជួយស្រាវជ្រាវរកមុខសញ្ញាពុករលួយដែលបានរត់គេចខ្លួន ហើយ អ.ប.ព. បានឆ្លើយតបនូវលទ្ធផលនៃការស្រាវជ្រាវជូនភាគី KPK វិញយ៉ាងឆាប់រហ័ស៕