(កោះកុង)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាអ្នកទទួលផល ពីការងារបោសសម្អាតមីន ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្រោមការគាំទ្រពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស ដែលពិធីនេះ ប្រព្រឹត្តិទៅនៅសាលាស្រុកកោះកុង។
ពិធីនេះ មានការចូលរួមពីលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃស្រុកកោះកុង និងតំណាងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិត លី ធុជ បានលើកឡើងថា បន្ទាប់ពីឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីបានប៉ុន្មានថ្ងៃ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់នូវកាដូរពិសេសមួយ ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកោះកុង តាមរយៈគម្រោងបោសសម្អាតមីន និងការបង្កបង្កើនផលលើដីប្រកបដោយសុវត្ថិភាព ដែលនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ប្រជាពលរដ្ឋ និងមន្រ្តីរាជការខេត្តកោះកុងថា ក្រោយឆ្នាំ២០២៣ ស្រុកក្រុងស្ទើរទាំងអស់ក្នុងខេត្តកោះកុង នឹងអស់មានការគំរាមកំហែង ដោយគ្រាប់មីនដែលយើងបានដឹង នៅសល់តែស្រុកមណ្ឌលសីម៉ាមួយតែប៉ុណ្ណោះ នៅមានបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន ហើយមានភាពស្មុគស្មាញខ្លាំង ដែលតម្រូវឲ្យយើងរួមគ្នាដោះស្រាយបន្តទៀត។
លោកស្រី Devyani Khobragade បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌា មានការពេញចិត្តនឹងចូលរួមដល់ការងារមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីន និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឥណ្ឌា នឹងបន្តចូលរួមដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕