(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងសេវាសាធារណៈ (Public Service Division) ដែលជាស្ថាប័នមួយចំណុះផ្ទាល់ ឱ្យការិយាល័យនាយករដ្ឋមន្រ្តីសឹង្ហបុរី និងដោយទទួលបានការអនុញ្ញាតពីលោករដ្ឋមន្រ្តី ហេង សួរ, លោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីអ្នកដឹកនាំក្នុងអភិបាលកិច្ច លើកទី១៥ (15th Leaders in Governance Program) នៅប្រទេសសឹង្ហបុរី ដែលមានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

កម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយវិទ្យាស្ថានមុខងារសាធារណៈសឹង្ហបុរី (Civil Service College) នេះ មានសិក្ខាកាមចូលរួមចំនួន ៣៥ រូប មកពី១៤ប្រទេស ដែលសុទ្ធសឹងតែជាអ្នកនយោបាយ អ្នករដ្ឋបាល អ្នកកសាងគោលនយោបាយសាធារណៈ និងប្រតិបត្តិករផ្ទាល់ មកពីការិយាល័យរបស់នាយករដ្ឋមន្រ្តី ក្រសួង-ស្ថាប័នមុខងារសាធារណៈ ការងារ ការបរទេស ការពារជាតិ មហាផ្ទៃ អប់រំ វប្បធម៌ ទេសចរណ៍ ។ល។

ប្រធានបទសំខាន់ៗ ដែលបង្ហាញដោយវាគ្មិនជំនាញជាន់ខ្ពស់ មកពីស្ថាប័ននានារបស់សឹង្ហបុរី រួមមានជាអាទិ៍៖ ការកសាងនិងថែរក្សាជំនឿទុកចិត្ត មកលើរដ្ឋាភិបាល (Building and Maintaining Trust in the Government), បរិវត្តកម្មវិស័យសេដ្ឋកិច្ចសម្រាប់ពេលអនាគត (Transforming Economy for the Future), ការអនុវត្តយន្តការ រដ្ឋាភិបាលទាំងមូល (Whole-of-Government Approach to Green Plan for Sustainable Singapore), ការធ្វើបរិវត្តកម្មសេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាឌីជីថល (Public Service Transformation through Digital Technology), ការជម្រុញឌីជីថលូបនីយកម្មនៅក្នុងការងារ កម្លាំងពលកម្ម និងទីកន្លែងបំពេញការងារ (Driving Digitalization in Work, Workforce and Workplace), ការដឹកនាំ និងជម្រុញការផ្លាស់ប្តូរក្នុងសេវាសាធារណៈ (Leading and Driving Change in the Public Service), ការកសាងធនធានមនុស្សផ្អែកលើសមត្ថភាព (Competency-based Human Resources) ។ល។ និងការជជែកពិភាក្សាគ្នាពីប្រធានបទ ជាអាទិភាពមួយចំនួន ដូចជាៈ ភាពជាអ្នកដឹកនាំរួមគ្នា ដើម្បីជម្រុញបរិវត្តកម្មសេវាសាធារណៈ (Collective Leadership in Driving Public Service Transformation), ការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ (Citizens Engagement) ព្រមទាំងការចុះទៅទស្សនកិច្ចសិក្សា នៅតាមស្ថាប័នមួយចំនួនរបស់សឹង្ហបុរី។

ក្នុងអំឡុងចូលរួមវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះដែរ លោករដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសឱ្យផ្តល់បទសម្ភាសន៍ ដោយទស្សនាវដ្តី ETHOS របស់វិទ្យាស្ថានមុខងារសាធារណៈសឹង្ហបុរី រួមជាមួយសិក្ខាកាមពីររូបផ្សេងទៀត មកពីប្រទេសឥណ្ឌូនេស៊ី និងអៀរឡង់ លើបញ្ហាប្រឈមស្រួចស្រាល់មួយចំនួន ដែលរដ្ឋាភិបាលនៅលើពិភពលោកកំពុងជួបប្រទះ, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើបរិវត្តកម្មសេវាសាធារណៈ, ចំណាប់អារម្មណ៍របស់សិក្ខាកាមលើវគ្គសិក្សាឆ្នាំនេះ និងចំណុចល្អៗដែល អាចយកទៅអនុវត្តបាន នៅក្នុងបរិបទនៃប្រទេសនីមួយៗ៕