(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយសង្រ្គោះរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារអតីតមន្រ្តីរាជការស៉ីវិល នៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ លោកបណ្ឌិតក៏បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត មកជូនដល់អង្គពិធីថែមទៀតផង។

ទន្ទឹមនឹងនេះ លោកបានបន្តថា ថ្វីត្បិតតែអំណោយ របស់ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ឲ្យ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនតិចតួចក្ដី ក៏ពិតមែន តែក៏អាចជួយ សម្រាលទុក្ខលំបាកជីវភាពរបស់បងប្អូនបានមួយកម្រិតផងដែរ ហើយអំណោយដែលផ្តល់ជូន នាពេលនេះ មានចំនួន ៨៣គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខ ទឹកត្រី ឃីត០១កញ្ចប់ និងសម្ភារៈមួយចំនួនផងដែរ។

ជាទីបញ្ចប់ លោកបានចែកអំណោយទាំងនោះ ជូនដល់ពួកគាត់ ហើយក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព មានអនាម័យ ហូបស្អាត រស់នៅស្អាត ចូលរួមគោរពច្បាប់ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន និងរួមគ្នាថែរក្សាសុខសន្តិភាពឲ្យនៅគង់វង្ស ដើម្បីអោយប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនតទៅមុខបន្ថែមទៀតជានិរន្តន៍។

ក្នុងពិធីនេះក៏មានការចូលរួមពីអភិបាល នៃគណៈអភិបាលស្រុក លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក លោកស្រី សមាជិក ក្រុមការងារចុះមូលដ្ឋានឃុំ លោកមេឃុំ លោកនាយប៉ុសិ៍រដ្ឋបាលឃុំ លោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕