(បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង ២០៖១៥នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចមុខកាស៊ីណូផារ៉ាម៉ិក ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើតាមពាក្យបណ្តឹងឈ្មោះ យាន ស៊ីណាត អាយុ២២ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ សាត ពិសាល អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
*ទី២៖ ឈ្មោះ ទូច ចិត្រា អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
*ទី៣៖ ឈ្មោះ វុធ សាវីន អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់យករួមមាន៖ ១.កាំបិតកែច្នៃប្រវែង ៦០សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ម៉ូតូ២គ្រឿង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនរងគ្រោះមានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបឱ្យគេ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះជាមួយនឹងមិត្តភ័ក្រ២នាក់ទៀត ជាអ្នកដឹកជញ្ជូនម្ហូបដូចគ្នាដែរ។ បន្ទាប់ពីដឹកម្ហូបឱ្យគេនៅម្តុំផ្សារអគ្គរួច ពួកគេទាំង៣នាក់ បានត្រឡប់មកវិញ ដល់មុខកាស៊ីណូផារ៉ាម៉ិក ក៏ស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែល១២នាក់ បានជិះម៉ូតូទាញកាំបិត បម្រុងដេញកាប់ពួកខ្លួន ដោយមានការភ័យខ្លាចជនរងគ្រោះទាំង០៣នាក់ ក៏បាននាំគ្នាចតម៉ូតូទុកចោល ហើយនាំគ្នារត់គេចតែម្ដង។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ក្រុមពួកខ្លួនពិតជាបានដេញកាប់ ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងក្រោមបញ្ជាឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជន សង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕