(កណ្ដាល)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បាននាំទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៃវត្តសាលាអណ្ដែត(ហៅវត្តអណ្ដូង) ស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

សកម្មភាពនេះ អមដំណើរដោយ លោកសាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង, ឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា, លោកបណ្ឌិត ឈឿន សាវន, លោកស្រីបណ្ឌិត ហង្ស បូរី, លោកបណ្ឌិត ទិត ផល្លា ព្រមទាំងក្រុមការងារ។

អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋទាំងអស់មានក្ដីរំភើបយ៉ាងក្រៃលែង និងថ្លែងអំណរអរគុណ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ដែលជានិច្ចជាកាល អ្នកឧកញ៉ាបណ្ឌិត តែងតែយកចិត្តទុកដាក់ តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ចុះមកពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្រុកស្អាង និងបាននាំការផ្ញើរសួរសុខទុក្ខពី សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបាននាំយកអំណោយ និងបានកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ  ក៏ដូចជាវត្តសាលាអណ្ដែត(ហៅវត្តអណ្ដូង) ស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងការជួបសំណេះសំណាលនេះផងដែរ ប្រជាពលរដ្ឋទាំងអស់ ប្រកាសគាំទ្រទាំងស្រុងចំពោះការដឹកនាំរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត៕