(ភ្នំពេញ)៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងជាទស្សនថា កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន បទពិសោធន៍ ជាពិសេសជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃគប្បីមានមហិច្ឆតា និងគួរដើរតួនាទីឱ្យកាន់តែសកម្ម នាំមុខ ដើម្បីចែករំលែកបទពិសោធន៍ និងសមិទ្ធផលទាំងអស់របស់ខ្លួនទៅលើឆាកតំបន់ និងអន្តរជាតិ។
ការបង្ហាញទស្សនបែបនេះ របស់លោកស្រី Carmen Moreno បានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានស្នើសុំពិភាក្សាការងារចុងក្រោយជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស, ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលទទួលដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) រួមជាមួយលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្តី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងលោក ថោង សុជាតិ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអ.វ.ត.ក. នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។
នាឱកាសនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ របស់សហភាព អឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់ អ.វ.ត.ក. ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក និងលទ្ធផលរំពឹងទុកសម្រេចបានក្នុងរយៈពេល៣ឆ្នាំ(២០២៣-២០២៥) ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំ ផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យបានទូលំទូលាយ និងមានអត្ថន័យដល់សាធារណជន និងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់ និងអន្តរជាតិ ដែលជាសមិទ្ធផល កេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។
ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រង និងរក្សាបណ្ណសារសំណុំរឿង ដែលមានជិត ៤លានទំព័រ, កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់ (Library and Mont Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ, ស្រាវជ្រាវ និងបណ្ដុះបណ្ដាល។
ជាមួយគ្នានោះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្នាក់ដឹកនាំបន្តវេន គឺប្រកបដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយគតិបណ្ឌិតដឹកនាំដ៏ឆ្លាតវៃរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និងផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើ ប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ (Remembrance) និងការមិនវិលត្រលប់ឡើងវិញ (Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។
លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកជាសំណូមពរចំនួន ២ចំណុចដល់រាជរដ្ឋាភិបាលសម្រាប់ធ្វើការពិចារណារួមមានទី១៖ គួរពិនិត្យលទ្ធភាពឱ្យមានកិច្ចសហការគ្នា ឬលំហរ (Open Space) នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សប្រកបដោយ លក្ខណៈបរិយាប័ន្ន (Inclusiveness) និងទី២៖ គួរជំរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានសន្យាពាំនាំសំណូមពរទាំងពីរខាងលើដល់ប្រមុខរាជរដ្ឋាភិបាល និងក៏បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូតមានសុខភាពល្អ និងទៅបំពេញការងារថ្មីជាឯកអគ្គរដ្ឋទូតនៅប្រទេសស្រីលង្ការ ឱ្យទទួលបានជោគជ័យ៕