(តាកែវ)៖ រថយន្តកាមរីមួយគ្រឿង ដែលក្រុមចោបានលួច កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ ត្រូវបានកម្លាំងកងរាជាអាវុធខេត្តតាកែវ បានរកឃើញមកវិញ និងបានប្រគល់ដល់ម្ចាស់ដើមវិញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានប្រគល់រថយន្តម៉ាក កាមេរីស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M.4128 ឲ្យទៅជនរងគ្រោះឈ្មោះ សាយ ពេជ្រពន្លឺ ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅភូមិកន្លែងខ្លា ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ។
គួរបញ្ជាក់ថា ក្នុងករណីអំពើលួចកាត់សោផ្ទះ លួចរថយន្តខាងលើបានកើតឡើងកាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយជនសង្ស័យមិនស្គាល់សាវតា។ ហើយរថយន្តដែលលួចបាន មកទុកចោលនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាទៅគ្រប់បណ្តាអង្គភាពចំណុះទាំងអស់ចេញបង្ក្រាបករណីនេះ។
លុះនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៣០១ បានចុះទៅយករថយន្តខាងលើ មករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង និងបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕