(ភ្នំពេញ)៖ ដើម្បីឆ្លើយតបការរីកចម្រើនឥតឈប់ឈររបស់វិស័យហិរញ្ញវត្ថុ ក៏ដូចជាតម្រូវការទីផ្សារការងាររបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាអភិវឌ្ឍធនធានមនុស្សលើវិស័យមីក្រូហិរញ្ញវត្ថុ។
ពិធីចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យមីក្រូហិរញ្ញវត្ថុ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងគោលរបស់ CUS នៅខណ្ឌទូលគោក រាជធានីភ្នំពេញ។
ថ្លែក្នុងឱកាសនោះ លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរង CUS បានបង្ហាញមោទនភាពក្រៃលែងចំពោះការរៀបចំពីធីដ៏មានសារៈសំខាននេះឡើង។
លោកបណ្ឌិតបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង CUS និងសមាគមមីក្រូហិរញ្ញវត្ថុ បានបង្ហាញពីសុឆន្ទៈសហប្រតិបត្តិការ និងការចែករំលែកពុទ្ធិដែលជាមូលដ្ឋានក្នុងការលើកកម្ពស់សមត្ថភាព-ជំនាញនៃការសិក្សា និងងប្រសិទ្ធភាពលើការងារគ្រប់គ្រងទាក់ទងវិស័យធនាគារ-ហិរញ្ញវត្ថុនៅតាមស្ថាប័នទាំងរដ្ឋ និងឯកជន ពាក់ព័ន្ធជំនាញដូចជា ការគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស គណនេយ្យ សវនកម្ម ច្បាប់ និងព័ត៌មានវិទ្យាជាដើម។
លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធផលដែលនឹងកើតចេញពីកិច្ចសហការរវាងសមាគមមីក្រូហិរញ្ញវត្ថុ និងសាកលវិទ្យាល័យ CUS។ ពួកគាត់ចាត់ទុកលទ្ធផលដែលនឹងកើតឡើងនោះ នឹងក្លាយជាប្រយោជន៍ដ៏ឧត្តុងឧត្តមសម្រាប់ទាំងសិស្សនិស្សិត និងការត្រៀមធនធានមនុស្សដែលពោពេញទៅដោយសមត្ថភាពសម្រាប់បន្តទ្រទ្រង់ភាពធន់ និងនិរន្តភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) គឺជាគ្រឹះស្ថានឧត្ដមសិក្សាឈានមុខមួយនៅកម្ពុជា ដែលមានបទពិសោធន៍បណ្ដុះបណ្ដាលនិស្សិតដោយជោគជ័យតាំងពីថ្នាក់បរិញ្ញាបត្ររងរហូតដល់ថ្នាក់បណ្ឌិតតាមរយៈមហាវិទ្យាល័យចំនូន៥រួមមាន៖ ១៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៣៖ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ៤៖ មហាវិទ្យាល័យ វិស្វកម្ម, ៥៖ មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ និងជំនាញអាជីវកម្មគ្រួសារ (Business Family)។
បច្ចុប្បន្នសាកលវិទ្យាល័យ CUS មាន៨ទីតាំង គឺ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅតាមបណ្តាខេត្តរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។
និស្សិតគ្រប់កម្រិតដែលបានបញ្ចប់ការសិក្សាមានចំនួនជាង ៤០,០០០នាក់ ( បរិញ្ញាបត្ររងនិងបរិញ្ញាបត្រចំនួន ៣៣,៥៤១នាក់ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦,៧៥៣នាក់ បណ្ឌិតចំនួន២៥នាក់)។ និស្សិតកំពុងសិក្សាចំនួនជិត ២០,០០០នាក់ ដែលចំនួននេះមានការកើនឡើងជារៀងរាល់ឆ្នាំ។
កន្លងមក សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ក្រុមហ៊ុនដៃគូក្នុង និងក្រៅប្រទេសជាង៥០០ ព្រមទាំងចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួនជាង៥០ ដូចជា ប្រទេសថៃ កូរ៉េ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អ៊ីស្រាអែល ឥណ្ឌា បង់ក្លាដេស ជប៉ុន អង់គ្លេស ម៉ាឡេស៊ី។ល។
ផ្អែកលើបទពិសោធន៍ជាង២០ឆ្នាំ និងភាពជោគជ័យដែលសម្រេចបាន សាកលវិទ្យាល័យដ៏ធំមួយនេះ ក៏បានដាក់ចេញនូវផែនការច្បាស់លាស់ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រកួតប្រជែងជាមួយសាកលវិទ្យាល័យអន្តរជាតិក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០២៧ខាងមុខនេះ៕