(កំពង់ឆ្នាំង)៖ នៅក្នុងអំឡុងខេត្តសីហានេះ គណៈបញ្ជាការឯកភាពតាមបណ្ដាស្រុកមួយចំនួនជាប់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងសម្រុកធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងការរុះរើ និងកាប់បំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់ ពិសេសគឺឧបករណ៍នេសាទរបាំងស្បៃមុង ដែលក្រុមជនខិលខូចមួយចំនួនបានដាក់ចាប់ត្រីនៅក្នុងរដូវបិទនេសាទនេះ ដើម្បីរំដោះពូជកូនមច្ឆាជាតិ។

ជុំវិញការចុះបង្ក្រាប និងទប់ស្កាត់សកម្មភាពបទល្មើសនេសាទខាងលើនេះ នៅក្នុងស្រុកកំពង់លែង ក៏បានបើកប្រតិបត្តិការចុះទប់ស្កាត់ និងធ្វើការបំផ្លិចបំផ្លាញចោលបករណ៍នេសាទល្មើសច្បាប់ស្ទើរជារៀងរាល់ថ្ងៃផងដែរ។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា «បច្ចុប្បន្ននេះសកម្មភាព បទល្មើសនេសាទនៅក្នុងស្រុកកំពង់លែង គឺលោកទទួលស្គាល់ថាពិតជាកើតមានប្រាកដមែន។ ក៏ប៉ុន្តែទន្ទឹមនោះលោកក៏មិននៅស្ងៀមនោះដែរ ដោយលោកបានចាត់ក្រុមការងារមានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានសហគមន៍នេសាទចុះធ្វើការងារនេះស្ទើរជារៀងរាល់ថ្ងៃផងដែរ»

លោកអភិបាលស្រុក បានបន្តថា មិនតែប៉ុណ្ណោះលោកក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ នៅតាមបណ្ដារដ្ឋបាលឃុំ ត្រូវទទួលខុសត្រូវទៅលើបទល្មើសនេសាទតែកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន បើជាទ្រង់ទ្រាយធំត្រូវសហការជាមួយរដ្ឋបាលស្រុកដើម្បីចុះទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

លោក យ៉ែម លក្ខិណា បានបន្ថែមថា នៅក្នុងរដូវបើកនេសាទខាងមុខនេះលោកសូមណូមពរដល់ប្រជានេសាទទាំងអស់ត្រូវធ្វើការនេសាទទៅតាមការណែនាំរបស់មន្ត្រីជំនាញ ឬទៅតាមច្បាប់ស្ដីពីជលផលឱ្យបានដាច់ខាត ចៀសវាងការប្រើឧបករណ៍ល្មើសច្បាប់ដែលច្បាប់មិនអនុញ្ញាត។ ករណីនៅតែមានការប្រើឧបករណ៍ខុសច្បាប់ទៀតនោះលោកនឹងអនុវត្តទៅតាមនីតិវិធីជាដាច់ខាតដោយមិនមានការយោគយល់នោះឡើយ។

សូមបញ្ជាក់ថា ចំពោះករណីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការធ្វើការនេសាទល្មើសច្បាប់នៅក្នុងបឹងទន្លេសាប ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងនេះដែរ កន្លងមកលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏តែងបានប្រាប់ថារាល់សកម្មភាពបទល្មើសនេសាទដែលកើតមាននៅក្នុងប្រទេសខេត្តកំពង់ឆ្នាំង គឺជាការឆ្លៀតឱកាសរបស់ជនខិលខូចតែប៉ុណ្ណោះ មន្ត្រីជំនាញមិនដែលមានការពាក់ព័ន្ធឬក៏គប់គិតនោះឡើយ។

ក្នុងនោះលោកបានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ចំពោះការនេសាទដោយប្រើឧបករណ៍ដាក់របាំងរាំងព្រួលភ្ជិតព្រែក លោកនឹងមិនអនុញ្ញាតអោយទៀតឡើយ។ បើទោះជាសហគមន៍នេសាទឲ្យលោកធ្វើសំណើសុំច្បាប់អនុញ្ញាត ពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយក៏លោកនឹងមិនស្នើសុំទៀតនោះទេ ដោយសារការនេសាទប្រភេទដាក់របាំងព្រួលភ្ជិតព្រែកនេះជួបបញ្ហាមិនចេះចប់កន្លងមក។

ប្រជានេសាទភាគច្រើនលើសលុបដែលពួកគាត់មានមុខរបរនេសាទតូចតាច និងនេសាទជាលក្ខណៈគ្រួសារ នៅតាមដងទន្លេ ពួកគាត់រីករាយនិងសាទរយ៉ាងក្រៃលែងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានចុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទរបស់ក្រុមឈ្មួញធំៗនៅគ្រប់ស្រុកនាពេលបច្ចុប្បន្ននេះ។ដែលឧបករណ៍ទាំងអស់នោះភាគច្រើនពួកគេបានដាក់របាំងស្បៃមុង ហើយឧបករណ៍នេះជាឧបករណ៍មួយប្រភេទ ដែលវាបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវពូជមច្ឆាជាតិទាំងតូចទាំងធំផងដែរ។

ម្យ៉ាងវិញទៀតពួកគាត់ក៏សូមគាំទ្រនូវប្រសាសន៍របស់លោក នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលលោកបានអះអាងថា ឆ្នាំនេះលោកនឹងមិនអនុញ្ញាតឱ្យមានការធ្វើរបាំងរាំងព្រួលភ្ជិតព្រែកនៅតាមបណ្ដាឡូនេសាទទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំងនេះជាបន្តទៀត នេះគឺជាឱកាសមួយដែលប្រជានេសាទមានលទ្ធភាពក្នុងការរកនេសាទបានជាសាធារណៈគ្រប់ៗគ្នា និងស្មើភាពគ្នាឡើងវិញផងដែរ៕