(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលទើបប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បន្តការប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដេីម្បីបម្រេីអង្គភាព និងប្រជាពលរដ្ឋ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
នាយឧត្តមសេនីយ៍ ស ថេត បានដាស់តឿន ដល់លោកស្នងការ ក្នុងនាមជាប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់ លេីការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព។ ចំពោះមន្ត្រីបេីធ្វេីល្អត្រូវមានការលេីកទឹកចិត្ត ទទួលការលេីកសរសេីរ បេីធ្វេីខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់ ហើយមន្ដ្រីត្រូវតែផ្ដល់ការគាំទ្រដល់ប្រធានអង្គភាពផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានជំរុញប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វេីការងារប្រចាំថ្ងៃឲ្យបានល្អ, ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដេីម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដេីម្បីដាក់ចេញឲ្យអនុវត្ត។ ផែនការងារសន្តិសុខដេីរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដេីម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មេីស។
ដោយឡែក ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ ត្រូវអនុវត្តជាប្រចាំដោយមានការចូលរួមពីគណៈបញ្ជាការឯកាព ហើយមានការដឹកនាំបញ្ជាឲ្យតំណាងអយ្យការ។ លើសពីនេះ ត្រូវពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដេីម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្រាប់ករណីគ្រឿងញៀន ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង) ១រាយការណ៍គ្រប់ករណី។ ក្នុងករណីកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកឲ្យប្រធានអង្គភាព ត្រូវពង្រឹងក្រមសីលធម៌ ពាក្យសំដី និងកាយវិការដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីចរាចរណ៍ និងមន្ត្រីតាមប៉ុស្តិ៍នគរបាលរដ្ឋបាល, ត្រូវមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លេីមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍, គ្រប់អង្គភាព ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ ដេីម្បីគ្រប់គ្រងសភាពការណ៍ ណាមួយដែលកេីតឡេីងជាយថាហេតុ, ត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋាននគរបាលឲ្យបានត្រឹមត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ៕