(ភ្នំពេញ)៖ ស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ បានរៀបចំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣)។ ពិធីនេះបានធ្វើនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

វាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត។

លោក NGUYEN HUY TANG ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក និងមានជំនឿជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយសុភវិនិច្ឆយរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសការប្រតិបត្តិប្រកបដោយមានប្រសិទ្ធភាពនៃរាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ ប្រទេសកម្ពុជានឹងឈានចូលក្នុងសម័យកាលរីកចម្រើនថ្មីមួយ អត្តភាពនិងកិត្យានុភាព របស់ប្រទេសកម្ពុជាត្រូវបានលើកកម្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិដោយឥតឈប់ឈរ។

ឆ្លៀតឱកាសដ៏មហោឡារឹកនេះ ឯកអគ្គរដ្ឋទូតវៀតណាម សូមសំដែងនូវការដឹងគុណដ៏ស្មោះសរ ជូនចំពោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ ព្រមទាំងមិត្តភ័ក្តអន្តរជាតិ ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លា ដល់ប្រជាជនវៀតណាមទាំងមូលក្នុងបុព្វហេតុនៃការតស៊ូដណ្តើមឯករាជជាតិកាលពីមុន ក៏ដូចជាក្នុងកិច្ចការ កសាង អភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះសមិទ្ធផលជាច្រើនឥតគណនាដែលបក្សរដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានក្នុងរយៈពេល៧៨ឆ្នាំ កន្លងមកនេះគួរជាទីមោទនៈ និងគួរឱ្យស្ញប់ស្ញែងយ៉ាងក្រៃលែង ដែលបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ គណបក្សកម្មុយនីស្តវៀតណាម នឹងបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព ស្ថិរភាពរឹងមាំរៀងរហូតទៅ។

នៅក្នុងឱកាសចូលរួមកម្មវិធីនេះថ្នាក់ដឹកនាំកម្ពុជា បានជួបប្រាស្រ័យសន្ទនាជាមួយបណ្តាឯកអគ្គរាជទូត-រដ្ឋទូត និងបណ្តាអង្គការដៃគូអន្តរជាតិ ជាច្រើនក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឱ្យកាន់តែរឹងមាំថែមទៀត៕