(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភាចំនួន ៨៦អង្គ/រូបផ្សេងទៀត។
សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ។ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន ២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង។
រដ្ឋសភា ក៏បានបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក សំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ។
សូមបញ្ជាក់ថា តំណាងរាស្ត្រថ្មីទាំង២៩រូប ត្រូវបានសភាផ្តល់សុពលភាពនាព្រឹកថ្ងៃនេះ គឺត្រូវបានគណបក្សប្រជាជនកម្ពុជា ដាក់ជំនួសតំណាងរាស្ត្រជាប់ឆ្នោត ដែលត្រូវបានផ្លាស់ទៅកាន់តួនាទីជាសមាជិករាជរដ្ឋាភិបាល៕