(កែប)៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែសីហា ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្ត ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការនានាចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងបើកកិច្ចប្រជុំនេះលោកបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា ក្រៅពីឆ្លងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ និងទិសដៅការងារបន្ទាប់ ក៏នឹងផ្សព្វផ្សាយសេចក្តីព្រាងកែសម្រួសសមាសភាព គណៈកម្មការពិគ្រោះ យោបល់ស្រ្តី និងកុមារក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មការលទ្ធកម្ម និងគណៈកម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត និងធ្វើការផ្សព្វផ្សាយនូវសេចក្តីព្រាងកែសម្រួល សមាសភាពមន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្ត។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឲ្យគ្រប់មន្ទីរអង្គភាពនានា ធ្វើការបណ្តុះបណ្តាលមន្ត្រីស្នូល ដែលមានសមត្ថភាព មានលទ្ធភាពក្នុងការធ្វើជាអ្នកនាំពាក្យក្នុងអង្គភាពរបស់ខ្លួន។ ហើយមន្ត្រីនាំពាក្យក្នុងមន្ទីរ ឬអង្គភាពមួយ ពិតជាមានសារសំខាន់ ក្នុងការឆ្លើយតបបន្ទាន់ នូវរាល់ហេតុការណ៍ ឬបញ្ហាណាមួយក្នុងស្ថាប័ន និងទាមទាអោយមានចំណេះដឹងគ្រប់គ្រាន់ លើដែនសមត្ថកិច្ចទទួលខុសត្រូវ និងមានមូលដ្ឋានយោងច្បាស់លាស់។
ទន្ទឹមនេះ លោកអភិបាលខេត្ត ស្នើឲ្យគ្រប់អ្នកពាក់ព័ន្ធពិនិត្យអោយបានជាក់លាក់នូវខ្លឹមសារ និងទិន្នន័យពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ឲ្យមានភាពត្រឹមត្រូវ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត និងធ្វើការបោះពុម្ពជាផ្លូវការ ផ្ញើជូនថ្នាក់ជាតិឲ្យបានទាន់ពេលវេលា៕