(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់ឯកឧត្ដម ជា សឿន ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។

សាកលវិទ្យាល័យជាតិមានជ័យ ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានអនុញ្ញាតឱ្យដំណើរការតាម អនុក្រឹត្យលេខ ២០ អ នក្រ ប ក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនូវ ជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយឧត្តមភាព ឆ្លើយតបតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។ រហូតដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យជាតិមានជ័យ បាននិងកំពុងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយបានផលិតធនធានមនុស្សប្រមាណ ២៩៧៧នាក់ ចូលបម្រើការក្នុងស្ថាប័នសាធារណៈ និងឯកជននានាក្នុងប្រទេស និងមួយចំនួនទៀតកំពុងបម្រើការងារនៅក្រៅប្រទេស។

សម្រាប់ទិសដៅចម្បងរបស់ក្រសួងនាពេលនេះគឺ ការកសាងសមត្ថភាពស្ថាប័ន និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីពេញលេញមួយ ដើម្បីលើកកម្ពស់ឧត្តមភាពរបស់អ្នកស្រាវជ្រាវ និងការបណ្តុះឱ្យមានចរន្តស្រាវជ្រាវជាប្រចាំ នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដែលកិច្ចការស្រាវជ្រាវនេះជា គន្លឹះដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

នាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀតផងដែរថា ក្រសួងនឹងបន្តអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ដើម្បីធានាបាននូវការបណ្តុះធនធានមនុស្សសម្រាប់បម្រើដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើ៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា
*ទី២៖ ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
*ទី៣៖ ការជំរុញការសិក្សា ការបណ្តុះបណ្តាល និងកសាងជំនាញផ្នែកឌីជីថល និងជំនាញថ្មីៗ
*ទី៤៖ ការជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល
*ទី៥៖ ការកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជនក្នុងការជំរុញ និងការអភិវឌ្ឍការងារស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍។

យោងតាមអនុសាសន៍របស់កិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំដំបូង គណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣) ដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន
*ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
*ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
*ទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

លោកសូមថ្លែងអំណរគុណចំពោះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លោកស្រី ជាសេនាធិការ ព្រមទាំងលោក សុខ ឃន ជាប្រធានគណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្ដេជ្ញាចិត្តខ្ពស់ចូលរួមក្នុងកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យ ជាតិមានជ័យ រហូតទទួលបានទាំងកំណើននិស្សិត ហេដ្ឋារចនាសម្ព័ន្ធស្អាត និងគុណភាពនៃការបណ្តុះបណ្តាលមានភាពល្អប្រសើរឡើង ដែលធ្វើឱ្យមានការទុកចិត្តខ្ពស់ពីសំណាក់និស្សិត និងសាធារណជន។ ក្នុងនោះ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់ គឺការកើនឡើងនៃចំនួននិស្សិត ជាង ៥ដង ធៀបនឹងរយៈពេលមុនធ្វើកំណែទម្រង់៕