(ស្ទឹងត្រែង)៖ ក្រោមកិច្ចសហការគាំទ្រពីអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ហៅកាត់ថា YCC បណ្តាសហគមន៍ការពារធនធានធម្មជាតិមកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តឧត្តមានជ័យ បានរៀបចំកិច្ចសន្ទានាមួយក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញមក និងស្វែងរកដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងអាចការពារធនធានធម្មជាតិនៅក្នុងសហគមន៍របស់ខ្លួន។

កិច្ចសន្ទានានេះធ្វើឡើងនៅសណ្ឋាគាររស្មីពេជ្រ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ចៅ មុន្នីរ៉ា អភិបាលរងខេត្ត និងតំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីមន្ត្រីបរិស្ថាន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងនាយខណ្ឌជលផលផងដែរ។

លើកឡើងនៅក្នុងវេទិការកិច្ចសន្ទានានេះ បណ្តាសហគមន៍ទាំងអស់ បានលើកឡើងពីបញ្ហាប្រឈមនានាក្នុងសហគមន៍របស់ខ្លួន។ បណ្តាសហគមន៍ការពារធនធានធម្មជាតិក្នុងខេត្តស្ទឹងត្រែង ក៏បានបង្ហាញផលលំបាក នៅក្នុងសហគមន៍របស់ដោយសាការកើតមានបទល្មើសជាច្រើន​ នៅក្នុងសហគមន៍របស់ខ្លួន ដូចការកើតឡើងនូវបទល្មើសនេសាទ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ការទន្ទ្រានកាន់កាប់ដីរបស់សហគមន៍ ការកាប់បំផ្លាញព្រៃឈើរក្នុងសហគមន៍ និងបានស្នើរសុំដល់អាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់និងដោះស្រាយបញ្ហាប្រឈមទាំងនេះ។

ឆ្លើយតមចំពោះការស្នើររបស់សហគមន៍ លោក ចៅ មុន្នីរ៉ា បានសន្យាយកបញ្ហាប្រឈមទាំងឡាយដែលសហគមន៍បានលើកឡើង ជម្រាប់ជូនដល់ថ្នាក់ដឹកនាំខេត្ត និងជំរុញបន្ថែមដល់អ្នកពាក់ព័ន្ធចុះពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ និងដោះស្រាយលើបញ្ហានេះ។

អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់លើបញ្ហាការពារធនធម្មជាតិនេះ ព្រមទាំងមានវិធានការទប់ស្កាត់នូវរាល់បទល្មើសនានាដែលបានកើតឡើង នូវក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដើម្បីធ្វើយ៉ាងណាឲ្យធនធានធម្មជាតិក្នុងខេត្តនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

លោក ចៅ មុន្នី បានលើកឡើងពីការបង្កើតឡើងជាបន្តបន្ទាប់នូវតំបន់ការពារធម្មជាតិជីវៈចំរុះក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ព្រមទាំងការបង្កើតជាបន្តបន្ទាប់នូវសហគមន៍នានាការពារធនធានធម្មជាតិនៅតាមបណ្តាភូមិឃុំស្រុកនានា ក្នុងខេត្តស្ទឹងត្រែង។ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមទាំងគ្នាក្នុងការការពារធនធានធម្មជាតិជីវៈចម្រុះ និងស្នើរដល់សមាជិកសហគមន៍ទាំងអស់ត្រូវចេះសាមគ្គីភាពគ្នាក្នុងសហគមន៍របស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់នូវរាល់បទល្មើសជាក់ស្តែងដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងខេត្តស្ទឹងត្រែង មានតំបន់ការពារធនធានធម្មជាតិចំនួន៦ សហគមន៍ព្រៃឈើចំនួន២២ សហគមន៍ជនជាតិដើមភាគតិចចំនួន១៨ និងសហគមន៍នេសាទចំនួន៦២៕