(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបរិច្ចាគសម្ភារសិក្សាមួយចំនួនធំជាថ្មីទៀតដូចជា សៀវភៅកត់ត្រា សៀវភៅសិក្សាតាមមុខវិជ្ជាផ្សេងៗប៊ិច ខ្មៅដៃ ខ្មៅដៃពណ៌ ព្រមទាំងសម្ភារសិក្សាជាច្រើនប្រភេទទៀត ជូនដល់អង្គការ Helping Hand Cambodia ដែលជាអង្គការមួយកំពុងឧបត្ថម្ភគាំទ្រដល់ការសិក្សាកុមារក្រីក្រជាច្រើននាក់ក្នុងតំបន់ច្បារអំពៅ រាជធានីភ្នំពេញ។

កម្មវិធីបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការអង្គការ Helping Hand Cambodia ផ្ទាល់ដែលមានអាសយដ្ឋានលើផ្លូវ៣៥៧ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានវត្តមានលោក Greg Heaney ប្រធានផ្នែកគម្រោងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោក Duncan Bell ស្ថាបនិកអង្គការ Helping Hand Cambodia។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ចំពោះកិច្ចការមនុស្សធម៌ ព្រោះសហគមន៍សាលារបស់យើងជឿជាក់ថា ការចែករំលែកគឺជាអាកប្បកិរិយាប្រកបដោយគុណធម៌បំផុតមួយ ដែលមនុស្សជាតិអាចធ្វើបានចំពោះគ្នានឹងគ្នា។

ក្នុងពេលកន្លងមក សាលាក៏បានបរិច្ចាគជាថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងបានចូលរួមកិច្ចការសហគមន៍ជាមួយនឹងអង្គការផ្សេងៗទៀត រាប់ទាំងអង្គការ Helping Hand Cambodia ដែលសាលាបានបរិច្ចាគសម្ភារសិក្សានៅពេលនេះ៕