(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហូ ម៉េងវ៉់ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថា នគរបាលរបស់លោក បានកសាងសំណុំរឿងបញ្ជូនបុរសដែលបានប្រើប្រាស់អំពើហិង្សាទះកំផ្លៀងស្ត្រីម្នាក់ រឿងជិះម៉ូតូសាចទឹកដាក់គ្នា យកទៅកាន់តុលាការដើម្បីបើកចំណាត់ការតាមផ្លូវច្បាប់។
សូមរំលឹកថា បើតាមឃ្លីបវីដេអូមួយ ដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានមនុស្សប្រុស-ស្រី ៣នាក់ បានឈ្លោះប្រកែកគ្នារឿងជិម៉ូតូសាចទឹក នៅពេលពួកគេកំពុង ធ្វើដំណើរលើដងផ្លូវ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា គ្រាន់តែសាចទឹកដាក់គ្នាបន្តិចបន្តួចសោះ បែរជាបុរសខាងលើកហ៊ានលើកដៃ វាយទះកំផ្លៀងនារីម្នាក់បង្កឲ្យមានការប្រតាយប្រតប់គ្នាផ្អើលលើផ្លូវ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុរួចមក សមត្ថកិច្ចបានទទួលពាក្យបណ្តឹងភ្កាមៗពីជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបុរសរូបនោះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីសាកសួររួច នគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿង និងបញ្ជូនបុរសខាងលើទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តនីតិវិធីតាមច្បាប់កំណត់៕