(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០»។

សិក្ខាសាលានេះមានការចូលរួមពី លោក គុណ ជាស៊ីន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ លោក ស៊ុំ ចំរើន ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ព្រមទាំងក្រុមការងារ​ជាច្រើននាក់។

អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួកគាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូរ មានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព។ អង្គការមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងចំណោម ៨រាជធានីខេត្ត នៃព្រះរាជណាចក្រកម្ពុជា។

នាឱកាសនេះដែរ លោក គុណ ជាស៊ីន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) និងកម្មវិធីអភិវឌ្ឍន៍ប្រជាជាតិ (UNDP) ដែលបានសហការជាមួយនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ក្នុងការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា។

លោក គុណ ជាស៊ីន បានបន្ដថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០, ផ្សព្វផ្សាយលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធការងារបង្កើតនិងគ្រប់គ្រងមជ្ឈមណ្ឌលថែទាំមនុស្សវ័យចាស់ និងប្រមូលធាតុចូលក្នុងសេចក្តី ព្រាងគោលនយោបាយស្ដីពីសមាគមមនុស្សចាស់និងគោលការណ៍ណែនាំ ស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ក្រុមអន្តរជំនាន់ និងពហុមុខងារ។

ដោយឡែកវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុមជនរង គ្រោះ និងងាយរងគ្រោះក្នុងសង្គម។ ក្នុងនោះការងារសុខុមាលភាពមនុស្សវ័យចាស់ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយលិខិត បទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះមនុស្សវ័យចាស់។

ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ មានចំនួន១,៦៤៦ឃុំ/សង្កាត់ ទាំង២៥រាជធានី/ខេត្ត និងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ ដើម្បីជួយជម្រុញអនុវត្តគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ឲ្យមានលក្ខណ:ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបដែរថា ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧- ២០៣០ គឺជាផែនការសកម្មភាពលើកទី២ ដែលត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពអន្តរជាតិទី ក្រុងម៉ាឌ្រីដឆ្នាំ ២០០២ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី ៤ ព្រមទាំងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍ ជាតិឆ្នាំ ២០១៩-២០២៣ គោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ឋភាព និងឆ្លើយតប ទៅនឹងតម្រូវការរបស់ពួកគាត់៕