(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រួមជាមួយគណៈនាយករបស់ក្លឹបផងដែរ។
កិច្ចពិភាក្សាខាងលើនេះទាំងលោករដ្ឋមន្រ្តី និងលោក ពុយ គា បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានបានល្អបន្ថែមទៀត។
ជាមួយនេះលោករដ្ឋមន្រ្តី បានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា ទៅលើការងារមួយចំនួន ដើម្បីគាំទ្រអ្នកសារព័ត៌មាន ជារួមអោយមានវិជ្ជាជីវៈច្បាស់លាស់ ដែលអាចផលិតព័ត៌មាន មានគុណភាព សម្រាប់ធ្វើការផ្សព្វផ្សាយជូនសាធារណជន។
នៅព្រឹកថ្ងៃដដែលនោះ លោក នេត្រ ភក្ត្រា ក៏បានអនុញ្ញាតឱ្យលោក MOHAN BANDAM ចាងហ្វាងសារព័ត៌មានខែ្មរថែមស៍ (Khmer Times) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមក្រសួងព័ត៌មាន បានថ្លែងការសរសើរចំពោះសារព័ត៌មានខ្មែរថាមស៍ ដែលបានផ្តល់កិច្ចសហការល្អជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដូច្នេះជាបន្តទៅមុខទៀត នឹងពង្រឹងកិច្ចសហប្រតិបត្តិការនេះកាន់តែល្អរឹងមាំបន្ថែមទៀត៕