(បន្ទាយមានជ័យ)៖ ទិវាស្រែបង្ហាញការដាំដុះដំណាំស្រូវប្រាំង ដើមរដូវវស្សា តាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ស្របតាមការប្រែប្រួលអាកាសធាតុ បានរៀបចំធ្វើឡើង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅលើដីស្រែកសិករស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក ប៉ាង វណ្ណសេត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងអ្នកឧកញ្ញា សុខ ឆេង អគ្គនាយករងក្រុមហ៊ន យី តាក់ គ្រុប ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនជីសញ្ញាក្បាលក្របី នៃប្រទេសវៀតណាម។

លោក ផាន់ វ៉ាន តាំ អគ្គនាយកទីផ្សារក្រុមហ៊ុនសញ្ញាក្បាលក្របីនៃប្រទេសវៀតណាម បានគូសបញ្ជាក់ថា ក្រុមហ៊ុនសញ្ញាក្បាលក្របី នៃប្រទេសវៀតណាម និងក្រុមហ៊ុន សៃហ្គន គីម ហុង ផលិតឧបករណ៍អូសដាំស្រូវជាជួរ ជាគុម្ព បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុន យី តាក់ គ្រុប បានចូលរួមសហការគ្នា ដើម្បីធ្វើស្រែបង្ហាញ ដែលទាក់ទងទៅនឹងកសិកម្មឆ្លាតវៃ ពោលគឺការកាត់បន្ថយថ្លៃដើមផលិត និងទទួលបានប្រាក់ចំណេញច្រើន តាមរយៈប្រើប្រាស់ជីសញ្ញាក្បាលក្របី ពោល គឺជីសញ្ញាក្បាលក្របី កសិករនៅប្រទេសកម្ពុជា បានប្រើប្រាស់លើវិស័យកសិកម្ម រយៈពេល២០ឆ្នាំកន្លងមកហើយ។

លោកបន្ដថា ការធ្វើស្រែបង្ហាញនេះ ដើម្បីជាការសាកល្បងមួយ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីឈានទៅធ្វើស្រែបង្ហាញជាច្រើនកន្លែងទៀត ក្នុងនោះ ក៏បាននាំយកបច្ចេកទេសកសិកម្ម ពីប្រទេសវៀតណាម ដែលទទួលបានជោគជ័យពីប្រទេសវៀតណាមមកកម្ពុជា ខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីបង្កើនជីវភាព ក្រោយពីបញ្ចប់ទិវាស្រែនេះ ដើម្បីយកទៅអនុវត្តបន្ត។

តាមរយៈការធ្វើស្រែបង្ហាញនេះ មានធ្វើបង្ហាញនៅខេត្តគោលដៅចំនួន ៣ទៀតគឺ ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តបាត់ដំបង លោក ផាន់ វ៉ាន តាំ បានបញ្ជាក់បន្ថែមថា មុនសាកល្បងធ្វើស្រែ បង្ហាញកសិកម្មវៃឆ្លាតនេះ ក្រុមហ៊ុនក៏បានយកសំណាកដីស្រែទៅពិនិត្យមើល បន្ទាប់មកសាកល្បងប្រើប្រាស់ពូជ ជី ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ ដោយអនុវត្តតាម បច្ចេកវិទ្យាទំនើបសំដៅកាត់បន្ថយថ្លៃដើមផលិត តាមរយៈការធ្វើស្រែបង្ហាញលើដីកសិករនូវបច្ចេកវិទ្យាកសិកម្មទំនើប បង្ហាញឲ្យកសិករក្នុងតំបន់យល់ដឹង ពីការប្រើប្រាស់ជីសញ្ញាក្បាលក្របី ដែលមានគុណភាព ក្នុងការធ្វើកសិកម្មឆ្លាតវៃ។

ក្នុងឱកាសនោះ លោក អ៊ឹង សៀងហ៊ី កសិករម្ចាស់ស្រែ បានធ្វើបទបង្ហាញដើម្បីប្រៀបធៀបប្រសិទ្ធិភាពសេដ្ឋកិច្ច ក្នុងដំណើរការរវាងការធ្វើស្រែតាមវិទ្យាសាស្រ្តកសិកម្មវៃឆ្លាត ដោយប្រើប្រាស់ជីសញ្ញាក្បាលក្របី និងការធ្វើស្រែតាមទម្លាប់របស់កសិករ។ តាមទម្លាប់គាត់ប្រើប្រាស់ពូជសម្រាប់ស្រែពង្រោះ ១ហិកតាស្មើ ២០០គីឡូក្រាម បច្ចុប្បន្នតាមរយៈការធ្វើស្រែបង្ហាញនេះ គាត់ប្រើប្រាស់ពូជស្រូវត្រឹមតែ ១២០គីឡូគ្រាមគ្រាប់ប៉ុណ្ណោះ សម្រាប់ព្រោះដីស្រែ ១ហិកតា ដោយប្រើប្រាស់ជីសញ្ញាក្បាលក្របីចំនួន ៦បាវតែប៉ុណ្ណោះ បើគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចឃើញថា យើងប្រើប្រាស់ថ្លៃដើមផលិតអស់តិច និងទទួលបានទិន្នផលខ្ពស់។

លោក ប៉ាង វណ្ណសេត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានសម្ដែងនូវការគាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ពិសេសក្រុមហ៊ុនជីសញ្ញាក្បាលក្របី បានសហការជាមួយមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការពិសោធន៍សាកល្បងធ្វើស្រែបង្ហាញតាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ដើម្បីរកផលចំណេញ និងស្វែងរកប្រសិទ្ធភាពសេដ្ឋកិច្ច រកផលចំណេញ ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ឲ្យនៅកម្រិតទាប និងទទួលបានទិន្នផលខ្ពស់ ក្នុងគោលបំណងសំខាន់ការអភិវឌ្ឍ វិស័យកសិកម្មកាន់តែប្រសើរឡើង ទាំងទិន្នផល គុណភាពរួមនឹងផលចំណេញ។

ទន្ទឹមជាមួយគ្នានេះដែរ នៅក្នុងតំបន់នេះ ក្រោយពីរាជរដ្ឋាភិបាលបានកសាងអាងប្រព័ន្ធធារាសាស្រ្តត្រពាំងថ្ម ដែលមានសុពលភាពអាចស្រោចស្រពផ្ទៃដីដំាំដុះបាន ៧ពាន់ហិចតាក្នុងរដូវប្រាំង។ ជាមួយគ្នានោះ អ្វីដែលជាបញ្ហា គឺកសិករនៅតែបន្តការធ្វើស្រែតាមទម្លាប់ ការប្រើប្រាស់ពូជច្រើន ប្រើប្រាស់ពូជមិនសុទ្ធ ការប្រើប្រាស់ជីមិនបានត្រឹមត្រូវ ទាំងនេះហើយជាការចំណាយថ្លៃដើមផលិតច្រើន ដូច្នេះហើយមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការសហការជាមួយដៃគូធ្វើស្រែធំៗ ឬកសិករដែលមានផ្ទៃដីដាំដុះធំ ដើម្បីធ្វើបង្ហាញដល់កសិករនៅក្នុងតំបន់ ឲ្យពួកគាត់មានការស្វែងយល់ ពីការធ្វើកសិកម្មឆ្លាតវៃ ដោយចំណាយថ្លៃដើមផលិត និងទទួលបានទិន្នផលខ្ពស់។

លោក ប៉ាង វណ្ណសេត សូមឲ្យកសិករចូលរួមសហការជាមួយមន្រ្តីជំនាញផ្សព្វផ្សាយកសិកម្ម ដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការចូលរួមរបស់ក្រុមហ៊ុនឯកជនលើការអភិវឌ្ឈវិស័យកសិកម្ម សំដៅជួយដល់កសិករទទួលបានប្រាក់ចំណេញ ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏ទទួលបានឱកាសផ្ដល់ជីដល់កសិករ។ លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់អាជីវករ អ្នកលក់ធាតុចូលកសិកម្ម ទាំងអស់នៅក្នុងខេត្ត សូមចូលរួមសហការជាមួយមន្រ្តីជំនាញឲ្យបានល្អ រាល់ការធ្វើអាជីវកម្មត្រូវមានលិខិតអនុញ្ញាត ឲ្យបានត្រឹមត្រូវ៕