(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សិរីសួស្ដី ជ័យមង្គល ប្រោះព្រំដល់គ្រួសារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបានសេចក្តីសុខសេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច។

ក្នុងពិធីនេះផងដែរក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តចម្រើនព្រះបរិត្ត និងមានការរៀបចំកិច្ចពិធីតាមបែបព្រះពុទ្ធសាសនាប្រពៃណីខ្មែរ ក្រោមវត្តមានាធិបតីភាពរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អមដោយវត្តមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-អគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការចំណុះក្រសួងជាច្រើនរូបទៀត។

បន្ទាប់ពីបញ្ចប់កិច្ចពិធីសូត្រមន្តចម្រើនព្រះបរិត្តរួចហើយ លោករដ្ឋមន្ត្រី សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងអស់ សូមទេវតាវត្ថុស័ក្ដិសិទ្ធិ​តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសេចក្ដីចម្រេីន និងសូមឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិទាំងអស់ ជាពិសេស សូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែប្រសើរឡើងថែមទៀត។