(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ឆឺតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានជួបប្រជុំពិភាក្សាលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយសក្តានុពលរវាងកម្ពុជា និងថៃ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

បើទោះបីច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ទល់នឹងច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ប្រទេសថៃ ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ មិនទាន់បានបើកឱ្យដំណើរការ ជាច្រកទ្វារអន្តរជាតិយ៉ាងណានោះក្តី, ភាគីថៃ ក៏បានជំរុញភាគីកម្ពុជា ឱ្យពិចារណាលើការប្រើប្រាស់សំបុត្រឆ្លងដែនបណ្តោះអាសន្ន (Temporary Border Pass) ដើម្បីសម្រួលដល់ប្រជាជនដែលស្នាក់អាស្រ័យក្រៅតំបន់ព្រំដែន អាចកាន់ឯកសារនេះ ធ្វើដំណើរចេញ-ចូល ក្នុងតំបន់ព្រំដែន រយៈពេលខ្លី មិនលើសពី៣ថ្ងៃ ក្នុងមួយលើក។

បន្ទាប់ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងជម្រាបជូនអំពីសក្តានុពលក្នុងខេត្តនោះរួចមក, លោក ឆឺតកៀត អាត់ថាកន បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកជួបជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីសិក្សាលើការអភិវឌ្ឍ រឹតចំណងសាមគ្គីភាព និងមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។

លោកបានជម្រាបជូនថា ពិតណាស់បញ្ហាដែលនៅសេសសល់ខ្លះតាមព្រំដែន ទាមទារឱ្យយើងត្រូវដោះស្រាយ មុននឹងឈានដល់ការបើកឱ្យដំណើរការជាច្រកទ្វារព្រំដែនអន្តរជាតិ។ តែទោះជាយ៉ាងនេះក្តី ដើម្បីជំរុញឱ្យសេដ្ឋកិច្ចប្រទេសទាំង២ មានការកើនឡើង ពិសេសប្រជាជនអាចធ្វើដំណើរចេញ-ចូល បានស្រួលជាងមុននោះ ភាគីថៃ សូមស្នើដល់កម្ពុជា ពិចារណាលើការប្រើប្រាស់សំបុត្រឆ្លងដែនបណ្តោះអាសន្ន (Temporary Border Pass) ដែលចេញត្រឹមអាជ្ញាមូលដ្ឋានក្នុងតំបន់ ខណៈដែរសំបុត្រឆ្លងដែនបណ្តោះអាសន្ននេះ បានប្រើប្រាស់រួចមកហើយ នៅតំបន់ព្រំដែនជាប់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ។ល។

លោកឯកអគ្គរាជទូត បន្ថែមថា ផលប្រយោជន៍សម្រាប់អ្នកកាន់សំបុត្រឆ្លងដែនបណ្តោះអាសន្ន (Temporary Border Pass) គឺងាយស្រួលជាង (Border Pass ឬPassport) ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅ អចិន្ត្រៃយ៍តំបន់នោះ ធ្វើដំណើរចេញ-ចូល សួរសុខទុក្ខសាច់ញាតិ ទេសចរណ៍ ការងាររាជការ ធុរកិច្ច កីឡា ប្រជុំ ឬគោលបំណងផ្សេងទៀតបាន រយៈពេលមិនលើសពី៣ថ្ងៃ ក្នុងមួយលើក ហើយស្ថិតនៅក្រោមច្បាប់ បទបញ្ជា និងបទបញ្ញត្តិ ដែលប្រកាសឱ្យប្រើប្រាស់ នៅក្នុងប្រទេសនោះ។

គួរជម្រាបជូនថា យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ច្រកទ្វារព្រំដែនចំនួន៣ ដែលនៅសេសសល់មិនទាន់បានបើក ជាច្រកទ្វារអន្តរជាតិ រួមមាន៖

*ទី១៖ ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ទល់ច្រកទ្វារព្រំដែនអានម៉ា ខេត្តឧប៊ុនរាជធានី
*ទី២៖ ច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត
*ទី៣៖ ច្រកទ្វារព្រំដែនជប់គគី ខេត្តឧត្តរមានជ័យ ទល់នឹងច្រកទ្វារព្រំដែនតាគូ ខេត្តបូរីរ៉ាំ។

តែទោះជាយ៉ាងណាក្តី កម្ពុជា-ថៃ នៅតែបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ឈានទៅតម្លើងច្រកដែលនៅសេសសល់ទាំង៣ ខាងលើ ឱ្យឆាប់បានដំណើរការ ដើម្បីជាប្រយោជន៍ប្រជាជន នៃប្រទេសទាំង២៕