(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ធ្វើជាមន្ត្រីត្រូវតែចេះអភិវឌ្ឍខ្លួនលើផ្នែកចំណេះដឹង និងចំណេះធ្វើ ទើបដើរទាន់គោលនយោបាយបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។
លោក កើត ឆែ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានថ្លែងបែបនេះក្នុងវគ្គបណ្តុះបណ្ណាលស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
លោកបានបន្តថា ការយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាល់តែមន្ត្រីទាំងអស់ស្វែងយល់ឱ្យច្បាស់លាស់ពីគោលនយោបាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុជារឿងចាំបាច់។
លោកថា ការបើកវគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីបង្កើនធាតុចូលជូនដល់សិក្ខាកាមទាំងអស់មានទុនសម្រាប់អនុវត្តនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
លោកអភិបាលរងបានឱ្យដឹងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកាឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុកជាដំណាក់កាលៗ នៃសសរស្ដម្ភកំណែទម្រង់ នោះគឺភាពជឿទុកចិត្ត នៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងថវិកាសមិទ្ធកម្ម៕