(ស្វាយរៀង)៖ ជនជាតិវៀតណាមម្នាក់មានឈ្មោះ ផាម វ៉ាន់ហ្វាត (PHAM VAN HOAT) ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ P01531929 មានទីលំនៅហាយហ្វុង ប្រទេសវៀតណាម បានដេកស្លាប់នៅក្នុងបន្ទប់ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះថា ក្រោយពីបានទទួលព័ត៌មាន ពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយ បានរាយការណ៍ថា មានករណីមនុស្សដេកស្លាប់ នៅបន្ទប់លេខ5B 807 អគារB ជាន់ទី8 តំបន់5 ក្នុងបរិវេណក្រុមហ៊ុន។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាល នៃមន្ទីពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជា្ញរងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យ។
ប្រភពបានបន្ដទៀតថា ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង ក្រុមគ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូ អាចសន្និដ្ឋានបានថាសាកសពឈ្មោះ ផាម វ៉ាន់ហ្វាត (PHAM VAN HOAT ) ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិវៀតណាម ពិតជាស្លាប់ដោយសារគាំងបេះដូង ។
បច្ចុប្បន្ននេះសាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕