(ហ្វីលីពីន)៖ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៣ អង្គការ UNODC បានរៀបចំសិក្ខាសាលាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលសមាសភាពចូលរួមចំនួន៥៤នាក់ មកពីបណ្តារដ្ឋអាស៊ានទាំង១០ និងទីម័រខាងកើត ឥណ្ឌា បងក្លាដេស ចិន កូរ៉េ ជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨តរៀងមក សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីជួបជុំគ្នារវាងមន្ត្រីជំនាញពីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្លាស់ប្តូរព័ត៌មាន ទាំងនៅក្នុងកំរិតជាតិនិងតំបន់ ហើយគោលបំណងសំខាន់ៗរបស់អង្គសិក្ខាសាលាឆ្នាំ២០២៣នេះ រួមមាន៖
១. ធ្វើបច្ចុប្បន្នភាពលើភាពជាដៃគូក្នុងការងារអនុវត្តកម្មវិធី Global SMART
២. ចែករំលែកព័ត៌មានថ្មីៗស្តីពីនិន្នាការការចរាចរនិងទីផ្សារគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគ
៣. វិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល រដ្ឋាភិបាលលើបញ្ហាគ្រឿងញៀន
៤. ចែករំលែកព័ត៌មានស្តីពីសារធាតុគីមីផ្សំ (សារធាតុស្ថិតក្នុងបញ្ជីដែលត្រូវត្រួតពិនិត្យ និងមិនត្រួតពិនិត្យ) ដែលបានចាប់យកក្នុងកំរិតថ្នាក់តំបន់ និងវិធីសាស្ត្រសុវត្ថិភាពក្នុងការបំផ្លាញចោល និងគ្រប់គ្រង
៥. ចែករំលែកព័ត៌មានស្ដីពីការងារកោសល្យវិច័យ និងការកំណត់អត្តសញ្ញាណគ្រឿងញៀនសំយោគ និងរបកគំហើញនៃការផលិតគ្រឿងញៀនសំយោគក្នុងតំបន់
៦. ចែករំលែកព័ត៌មានស្តីពីសារធាតុញៀនថ្មីដែលមានឥទ្ធិពលលើប្រព័ន្ធប្រសាទ (NPS) ដែលកំពុងមាន និងប្រភេទ NPS ដែលទើបមានវត្តមានថ្មីៗនៅក្នុងតំបន់
៧. ចែករំលែកព័ត៌មានស្តីពីការប្រើបំពានគ្រឿងញៀន ការកាត់បន្ថយតម្រូវការ ការព្យាបាល រួមទាំងទិន្នន័យព័ត៌មានស្តីពីការប្រើលើសកម្រឹតនិងការពុលគ្រឿងញៀន
៨. ការទទួលបានព័ត៌មានថ្មីៗ តាមរយៈការពិភាក្សាដោយមន្ត្រីជំនាញនានាលើការងារអនុវត្តច្បាប់
៩. កោសល្យវិច័យ និងសុខភាពសាធារណៈ
១០. ស្វែងរកដំណោះស្រាយលើការងារគ្រប់គ្រងស្ថានភាពគ្រឿងញៀនរបស់ជាតិ។
ឧត្តមសេនីយ៍ យិន យឿត ក៏បានប្រាប់ពីសមាសភាពកម្ពុជាដែលទៅចូលរួមសិក្ខាសាលានោះ មានលោក យុង មុនី អនុប្រធាននាយដ្ឋានអនុវត្តច្បាប់ និងលោកស្រី រិទ្ធី ចំរើន ប្រធានការិយាល័យនៃមន្ទីរពិសោធន៍គ្រឿងញៀន៕