(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិ។

កិច្ចប្រជុំប្រចាំខែនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ តំណាងគ្រប់អង្គភាពចំណុះ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើង ទឹក , បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអាវុធហត្ថលើផ្ទៃប្រទេស។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តភារកិច្ចជាក់ស្ដែង ចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖

- សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ ពុំមានអ្វីធំដុំគួរឲ្យកត់សម្គាល់ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន។ ចំណែកសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ។ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម កើតឡើងចំនួន៣០០លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១៦០លើក។

- ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងសតិអារម្មណ៍កងទ័ព ការងារកសាង និងជួសជុលបណ្តាញ ការងារបោសសំអាតគ្រាប់មីន ការងារបញ្ជូនកងកម្លាំង និងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការងារប្រវត្តិសាស្ត្រយោធា ការគ្រប់គ្រងនិងអភិវឌ្ឍន៍វិមានឈ្នះ ឈ្នះ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមរដ្ឋលេខាធិការប្រចាំការ បានដាក់ចេញនូវទិសដៅមួយចំនួនសម្រាប់អនុវត្តនៅក្នុងក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះក្នុងខែកញ្ញានេះ ដោយជំរុញឱ្យបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ នៅតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ រួមទាំងបន្តអនុវត្តតាមផែនការនានាដែលដាក់ចេញ។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់បន្ថែមផងដែរអំពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្តោតសំខាន់ថ្មីមួយចំណុចទៀត បន្ថែមលើយុទ្ធសាស្ត្រចតុកោណ កាលពីអាណត្តិមុន ក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយក្នុងនោះក៏មានផងដែរនូវ យុទ្ធសាស្ត្របញ្ចកោនសម្រាប់វិស័យការពារជាតិ។

លោកបានរំលឹកអំពីស្នាដៃមិនអាចគណនាបានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការដឹកនាំកងយោធពលខេមរភូមិន្ទ ជាច្រើនអាណត្តិកន្លងទៅនេះ និងចង់ចាំជានិច្ចនូវវីរៈភាពរបស់សម្តេចសម្រាប់វិស័យការពារជាតិ ដែលនាំមកដល់ភាពរីកចម្រើនរហូតដល់ពេលនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីសភាពការណ៍នយោបាយតំបន់ និងពិភពលោក ដែលកម្ពុជាត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់។ នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះខិតខំបំពេញភារកិច្ច និងគាំទ្រចំពោះការដឹកនាំរបស់ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាថែរក្សាមរតក និងអភិវឌ្ឍវិស័យយោធាកម្ពុជា កាន់តែខ្លាំងក្លាថែមទៀត៕