(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប តំណាងឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជូនដំណើរឯកអគ្គរាជទូតថ្មីដែលនឹងទៅបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប។
ពិធីនេះក៏មានការចូលរួមជាកិត្តិយសពីអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ ដែលជាអតីតឯកអគ្គរាជទូតកម្ពុជានៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុបសរុបចំនួន៣០រូប នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ក្នុងពិធីនោះដែរ លោក ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះឯកអគ្គរាជទូតថ្មីដែលនឹងទៅបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប សូមប្រកបដោយសុខសុវត្ថិភាព មានសំណាងល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
បន្ទាប់ពីសំណេះសំណាលរួចមក លោក ហួត ហាក់ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានប្រគល់ជូនបាច់ផ្កាអបអរសាទរ និងប្រគល់ជូនសៀវភៅសម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល និងម្រេចកំពតម្នាក់២កញ្ចប់ ជូនឯកអគ្គរាជទូតថ្មី និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការបរទេស ទុកជាអនុស្សាវរីយ៍ និងសម្រាប់ទទួលទានផងដែរ៕