(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយដែលសម្តចបានលើកឡើងក្នុង អង្គប្រជុំដើមអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធការ «រក្សាចាស់ បង្កើតថ្មី» ដើម្បីរំលឹកដល់មន្ត្រីបន្តវេណនៅតាមស្ថាប័នានា សូមឱ្យប្រុងប្រយ័ត្នចំពោះភាពអគុណធម៌ លើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចគាំទ្រឱ្យមានការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឱ្យតម្លៃ សម្រាប់មនុស្សដែលខំធ្វើការ ក្នុងរយៈពេលកន្លងមក ហើយត្រូវដកចេញដោយគ្មានហេតុផលនោះទេ។

សម្តេចបានបង្ហោះវីដេអូ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់ មន្ត្រីបន្តវេនតាមស្ថាប័នសូមមានការប្រុងប្រយ័ត្ន លើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុង អាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ សីហា ២០២៣ ពេលជួបជុំមុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។ ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយ គ្មានមូលហេតុដែរ»